កុំមើលស្រាលអី! យុវតីម្នាក់ចេញមុខចែករំលែកអាការ និង ស្ថានភាពជំងឺបាក់ទឹកចិត្ត ដែលខ្លួនជួបប្រទះ

បច្ចុប្បន្ននេះ ជំងឺបាក់ទឹកចិត្ត (Depression) ត្រូវបានគេចាប់អារម្មណ៍ និង ព្រួយបារម្ភខ្លាំងបំផុត ដោយសារតែជំងឺនេះ មានអាត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈនៅកម្ពុជាយើង គេសង្កេតឃើញជំងឺនេះ ភាគច្រើនកើតទៅលើយុវវ័យតែម្ដង។

ថ្មីៗនេះផងដែរ តាមរយៈគណនីមួយដែលមានឈ្មោះ Jasmine Riyaheng បានចេញមកចែករំលែកនូវអាការជំងឺបាក់ទឹកចិត្ត (Depression) ដែលខ្លួនបានជួបប្រទះ ដែលមានដូចជា ៖

១. ពិបាកចិត្តដោយគ្មានមូលហេតុ

២. គិតច្រើន

៣. ឧស្សាហ៍ឈឺក្បាល

៤. ឧស្សាហ៍ឈឺក្រពះ

៥. ចង្វាក់បេះដូងឧស្សាហ៍លោតញាប់

៦. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ

៧. ឧស្សាហ៍សុបិនអាក្រក់ ឬ សុបិនយូរៗ

៨. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ

៩. ពេលខ្លះពិបាកដកដង្ហើម ឬ ថប់ដង្ហើម

ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ។
ដោយឡែក យុវតីខាងលើបានរៀបរាប់នៅលើសាររបស់ខ្លួនទៀតថា ៖ «Depression ជាជំងឺមួយដែរចាស់ៗគាត់មិនយល់ គាត់គិតថាវាគ្រាន់តែជារឿងធម្មតាៗ រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្ត មានអារម្មណ៍ថាគ្មានអ្នកណាត្រូវការ មនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯង មិនចូលចិត្តភាពរញ៉េរញៃមនុស្សច្រើន លាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯង ខឹងមួរម៉ៅច្រើន។ មានពេលខ្លះ គិតរហូតទាល់តែធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន»​។

យុវតីរូបនេះ បានបន្តទៀតថា ៖ «យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបកុំឱ្យខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េច ទើបអាចបញ្ជាវាបាន រហូតធ្វើឱ្យយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំងងុយដេករាល់យប់ ដើម្បីកុំឱ្យគិតច្រើន លេបតាំងពីមួយគ្រាប់ រហូតដល់ ៣ គ្រាប់ដើម្បីឱ្យគេងលក់ ហើយតែងតែមានអារម្មណ៍គ្រាំគ្រាគ្រប់ពេល លែងចង់ចេញទៅណាមកណា ចូលចិត្តភាពស្ងប់ស្ងាត់។ បើសិនមនុស្សក្នុងគ្រួសារស្ដីបន្ទោស ហើយយកទៅប្រៀបធៀបកូនគេ ឬ ត្រូវមនុស្សក្នុងគ្រួសារតែងតែមានបញ្ហាដោយសារតែយើង យូរៗទៅមានអារម្មណ៍ថា មិនចង់ធ្វើជាបន្ទុករបស់នរណាម្នាក់ មានអារម្មណ៍ខ្លួនគ្មានតម្លៃ គិតអ្វីមិនចេញ ធ្វើអ្វីមិនកើត គ្មានកម្លាំងចិត្ត យូរៗទៅគិតថាសេចក្ដីស្លាប់ជាជម្រើសល្អបំផុត»៕

Related posts

Leave a Comment