មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយគណនីហ្វេសប៊ុកឈ្មោះ Kimly Heng បានបង្ហោះរូបថតជាច្រើនសន្លឹកស្ដែងពីកម្មវិធីមង្គលការមួយ ដែលកូនកំលោះ និង កូនក្រមុំមានវ័យចំណាស់អស់ទៅហើយ។
មង្គលការខាងលើត្រូវបានគេស្គាល់ថា កូនកំលោះមានឈ្មោះ ជា ព្រេម គឺជាវិស្វករ ចំណែកកូនក្រមុំមានឈ្មោះថា នៅ តាំងហ្គិច ជាបុគ្គលិកធនាគារ បានចាប់ដៃគ្នាសម្រេចចិត្តចូលរោងការតាមប្រពៃណីនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីប្រើពេលមើលចិត្តថ្លើមគ្នាអស់ ៥០ ឆ្នាំ។
ប្រភពខាងលើបានបង្ហោះរូបភាព ព្រមទាំងសរសេររៀបរាប់ថា ៖ «កូនកំលោះវិស្វករ & កូនក្រមុំធ្វើការធនាគារ មើលចិត្តគ្នា 50 ឆ្នាំ ថ្ងៃនេះព្រមចូលរោងជ័យហើយ»។ ក្នុងនោះគេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានចែករំលែករូបភាពទាំងនោះតៗគ្នា ខ្លះក៏បានជូនពរគូស្វាមីភរិយាថ្មីរស់នៅប្រកបដោយសុភមង្គលផងដែរ៕