កៀកឆ្នាំថ្មីហើយ! មកដឹងពីគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាងកិរិណីទេវី ទាំងអស់គ្នា

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍​ ១៣ កើត​ ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

ក្នុងនោះ ចំពោះរណ្ដាប់ដែលនឹងទទួលទេវតាឆ្នាំថ្មីនេះ តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍ ៖

បាយសី ៩ ថ្នាក់ មួយគូ
បាយសី ៧ ថ្នាក់ មួយគូ
បាយសី ៥ ថ្នាក់ មួយគូ
បាយសី ៣ ថ្នាក់ មួយគូ
បាយសីប៉ាឆា មួយគូ
ស្លាធម៌ មួយគូ
ទឹកអប់ មួយគូ
ទៀន ៥ ធូប ៥
លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ
ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ
ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ
ដូងឡៅមួយគូ ទឹក ស្អាតពីរកែវ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និង មានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំស្វាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ សម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និង លើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មី យាងចុះមក ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយ ជួបជុំ គ្រួសារ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី លះបង់ចិត្តគំនិតអាក្រក់ ដែលកើតមានឆ្នាំចាស់ ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តអំពើល្អ នោះទេវតា និង ឱ្យពរសព្ទសាធុការ នឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីតរៀងទៅ៕

Related posts

Leave a Comment