អ្នករៀបចំកម្មវិធី អូស្កា បានធ្វើការពិន័យទៅលើតារាសម្ដែង Will Smith ដោយហាមមិនឱ្យចូលរួមកម្មវិធីរបស់ អូស្កា រយៈពេល ១០ ឆ្នាំ ក្រោយតារាសម្ដែងរូបនេះ បានប្រើប្រាស់ហិង្សា ទះកំផ្លៀងទៅលើតារាកំប្លែង Chris Rock លើឆាកប្រគល់ពានរង្វាន់អូស្កា កាលពីចុងខែមីនា កន្លងទៅ។
បើតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី ០៨ ខែមេសា កន្លងទៅបានឱ្យដឹងថា អ្នករៀបចំកម្មវិធី អូស្កា បានធ្វើការប្រជុំ និង បានប្រកាសពីការដាក់ពិន័យទៅលើ Will Smith។ ក្នុងសារប្រកាសនោះបានរៀបរាប់ថា ៖ «ថ្ងៃនេះ ប្រធាននៃអ្នកដឹកនាំទាំងអស់ បានមកជួបជុំគ្នា ធ្វើការពិភាក្សាទៅលើដំណោះស្រាយដ៏ល្អបំផុតចំពោះទង្វើរបស់ Smith នៅឯកម្មវិធីប្រគល់ពានរង្វាន់កាលពីពេលថ្មីៗកន្លងទៅ ហើយក៏សម្រេចអនុម័តថា នឹងដករូបលោកចេញពីកម្មវិធី។ ពួកយើងបានសម្រេចចិត្តថា តារាសម្ដែងរូបនេះ នឹងមិនអាចចូលរួមកម្មវិធីរបស់ អូស្កា (ទាំងចូលរួមដោយផ្ទាល់ ឬតាមអនឡាញ) រយៈពេល ១០ ឆ្នាំ គិតចាប់ពីខែមេសា ឆ្នាំ ២០២២ នេះទៅ»។
គួរឱ្យដឹងដែរថា អាជីពរបស់ Will Smith នាពេលនេះ គឺមានការរងផលប៉ះពាល់យ៉ាងខ្លាំង ក្រោយកម្មវិធីប្រគល់ពានរង្វាន់អូស្កាមក ដោយអ្នកដឹកនាំរឿងមួយចំនួន ត្រូវបានឱ្យដឹងថា បានបញ្ឈប់ការសហការការងារជាមួយលោក។ ជាមួយគ្នានោះ ថ្មីៗនេះ គម្រោងភាពយន្តថ្មីចំនួន ២ គឺរឿង «Fast and Loose» និង «Bad Boys 4» ត្រូវបានពន្យារពេលថត បើទោះបីជាមូលហេតុពិតប្រាកដមិនទាន់បានបញ្ជាក់នៅឡើយនោះ ប៉ុន្តែគេដាក់ការសង្ស័យទៅលើវត្តមានតារាសម្ដែង Will Smith នេះឯង៕