ក្រោយប្រកាសលែងប្តី សូដា នីតា ថាអស់អីអស់ចុះ ឱ្យមានប្រុសក្មេងម្នាក់នេះនៅក្បែរ

ពិតណាស់ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែង សូដា នីតា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាស្រីរូបនេះចេញមុខបង្ហោះសារនៅលើហ្វេសប៊ុកប្រកាសជាសាធារណៈទាក់ទងនឹងជីវិតគ្រួសាររបស់នាងថា សម្រេចចិត្តលែងលះជាមួយស្វាមី ហើយសុខចិត្តស្ពាយឈ្មោះជាស្ត្រីមេម៉ាយដ៏រឹងមាំចិញ្ចឹមមើលថែកូន។

ដំណឹងនេះដែរ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រហាក់សោកស្ដាយខ្លាំងដែលនៅសុខៗ សូដា នីតា ស្រាប់តែបង្ហាញពីជីវិតស្នេហាមិនសមប្រកបរហូតដល់ការបែកបាក់ដូច្នេះ ព្រោះកន្លងមកគេឃើញប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ផ្អែមល្ហែមនឹងគ្នាណាស់ ម្យ៉ាងពួកគេទាំងពីរក៏មានកូនប្រុសម្នាក់ជាចំណងដៃដែរ។

ដោយឡែក ក្រោយពីលែងលះប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ នេះ គេក៏បានឃើញតារាស្រីរូបនេះបង្ហោះសារបង្ហាញពីអ្វីដែលធ្វើឱ្យនាងរឹងមាំ ទោះបីជាជួបបញ្ហាគ្រួសារមែន គឺនាងនៅមានកូនប្រុសសំណប់ចិត្តនៅក្បែរដែលជាកម្លាំងចិត្តសម្រាប់អ្នកនាង។

ក្នុងនោះ អ្នកនាង សូដា នីតា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារថា ៖ «អស់អីអស់ចុះ មានម្នាក់ប្រុសតូច ១ នេះ នៅក្បែរក៏អាចឱ្យខ្ញុំញញឹមបាន ១ ថ្ងៃ ១ ម្តងដែរ … My love ស៊ិនសូ ម៉េងឃុន!»។
ទន្ទឹមនឹងនោះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក្រោយពីឃើញបែបនេះ ក៏បានចូលខមមិនបង្ហាញការសោកស្ដាយ និង ជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យតារាស្រីរូបនេះគ្រប់គ្នាផងដែរ៕

Related posts

Leave a Comment