ខកចិត្តនឹងការបញ្ចប់ក្តីពេក Pinky បានត្រឹមតែបង្ហោះសារទៅកាន់មិត្តសម្លាញ់ Tangmo យ៉ាងដូច្នេះ

ការបញ្ចប់រឿងក្តីរបស់តារាស្រី Tangmo ពេលនេះ បាន និង កំពុងតែធ្វើឱ្យមានការស៊ែរចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម ដែលមហាជនជាច្រើនបានចេញមុខបង្ហោះសារដ៏សែនឈឺចាប់ និង ស្ទើរតែមិនអាចទទួលយកបាន ពេលបញ្ចប់រឿងក្តីចេញមកបែបនេះ។

រឿងរ៉ាវ និង ការបញ្ចប់ក្តីមួយនេះ គ្មានអ្នកណាម្នាក់អាចប្រឆាំងចំពោះច្បាប់បានទេ បានត្រឹមតែបង្ហើបសម្រែកដ៏សែនឈឺចាប់តែប៉ុណ្ណោះមិនថាគ្រួសារ ឬ មិត្តៗជាទីស្រឡាញ់របស់តារាស្រី Tangmo ឡើយ។

បើងាកទៅមើលមិត្តៗជំនិតរបស់ Tangmo វិញ ម្នាក់ៗហាក់បង្ហាញក្តីឈឺចាប់ និង ខកចិត្តជាខ្លាំងចំពោះរឿងក្តីដែលខំស៊ើប និង តាមអស់ជាង ២ ខែមកនេះ ដែលគ្មានសូម្បីតែយុត្តិធម៌ជូនមិត្តជាទីស្រឡាញ់។ ក្នុងនោះ ក៏មានតារាស្រី Pinky Savika ម្នាក់ដែរ ដែលបានចេញមុខសម្តែងការសោកស្តាយ និង ខកចិត្តបានត្រឹមតែបង្ហោះវីដេអូចាស់ៗ និង ពោលពាក្យទាំងនេះឡើងថា ៖ «មើលវាពេលណាក៏លួចញញឹមពេលនោះ មិនថាកន្លងផុតទៅប៉ុន្មានឆ្នាំនោះទេ តែខ្ញុំនៅតែនឹកដល់ឯងជារៀងរហូតមិត្តសម្លាញ់»។

ចំណែកអ្នកគាំទ្រឯទៀតវិញ ក៏មិនខុសពីមិត្តៗរបស់ Tangmo ដែរ ពួកគេពិតជាខកចិត្តមិនចាញ់គ្នានោះទេ តែទោះជាយ៉ាងណាល្ខោនមួយនេះវាបានបញ្ចប់ទៅហើយ ម្នាក់ៗបានត្រឹមត្រៀមចិត្តត្រៀមកាយដើម្បីជូនដំណើររូបកាយ Tangmo ជាលើកចុងក្រោយទៅតាមអ្វីដែលអាចធ្វើបានតែប៉ុណ្ណោះ៕

Related posts

Leave a Comment