ខឹងជាងសង់ផ្ទះឱ្យមិនហើយ មួម៉ៅពេកម្ចាស់ផ្ទះទិញសាំងដុតផ្ទះចោលឌឺជាង ផ្អើលអ្នកជិតខាងរត់ខ្វែងជើង

កាលពីថ្ងៃទី ២៣ ខែមីនា​ ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍មួយ បានបង្កឱ្យមានភ្ញាក់ផ្អើលជាខ្លាំងដល់នៅក្បែរនោះ ដោយមានបុរសម្នាក់លែងពួយដុតផ្ទះខ្លួន​ឯងចោល ព្រោះតែខឹងជាងសង់ឱ្យមិនហើយ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាខេត្តបុរីរ៉ាំ ប្រទេសថៃ ដោយម្ចាស់ផ្ទះមានអាយុ ៣៧ ឆ្នាំ ហើយបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះខ្លួនឯងចោលពិតមែន ព្រោះខឹងមួម៉ៅនឹងជាង ដែលចេះតែប្រាប់ឱ្យខ្លួនទិញអីវ៉ាន់នេះនោះឱ្យមិនដាច់ តែបែរមិនមកធ្វើការឱ្យចប់សព្វគ្រប់​ឡើយ ហើយខ្លួនថានឹងឡើងផ្ទះនេះឱ្យបានមុនចូលឆ្នាំខាងមុខ តែមើលទៅប្រាកដជាឡើងមិនទាន់នោះទេ។
ចុងក្រោយដោយសារតែទើសចិត្ត ព្រមទាំងមួម៉ៅមិនដឹងសម្តែងចេញយ៉ាងម៉េច គេក៏នឹកឃើញទៅទិញសាំងអស់ ៣០០ បាត រួចយកទៅចាក់ពេញក្នុងផ្ទះ ហើយដុតយ៉ាងហ៊ុយទ្រលោមតែម្តង ដែលធ្វើឱ្យមានភ័យភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនៅជុំវិញនោះមិនតិចឡើយ។

យ៉ាងណាមិញ គេប្រើប្រាស់ពេលវេលាជាង ៤០ នាទីឯណោះ ទម្រាំតែគ្រប់គ្រងការឆាបឆួលនេះបាន ហើយចំណែកម្ចាស់ផ្ទះក៏ត្រូវបានគេឃាត់ខ្លួនសួរនាំផងដែរ ដោយឃើញថាតាមពិតទៅរូបគេបានស្រវឹងស្រា ទើ​បដល់ថ្នាក់ហ៊ានលើកដៃដុតផ្ទះខ្លួនឯងបែបនេះ ហើយគេក៏មានរបួសរលាកនៅជើងផងដែរ ព្រោះតែពេលកំពុងដុតនោះ គេព្យាយាមរត់ចេញពីផ្ទះមិនទាន់។

យ៉ាងណាមិញ បើតាមម្តាយរបស់ម្ចាស់ផ្ទះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ កូនប្រុសរូបនេះបានផឹកស្រាតិចតួច រួចស្រែកថា ដល់ពេលាដុតផ្ទះហើយ ភ្លាមៗខ្លួនក៏ជឿតែម្តងថាគេនឹងដុតពិតមែន ហើយក៏រត់ទៅប្រាប់ប្តី ដែលកំពុងមើលគោនៅវាលស្រែដែរ ប៉ុន្តែមិនទាន់ដៃកូនប្រុសឡើយ ទើបបង្កឱ្យមានការឆាបឆួលបែបនេះ៕

Related posts

Leave a Comment