ចប់ចូលឆ្នាំភ្លាម យុវតីម្នាក់ប្រាប់រឿងគេលេងត្រូវ បែកក្រដាសត្រចៀក ពេលនេះស្ដាប់អ្វីមិនឮឡើយ

កាលពីកំឡុងថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ជាថ្ងៃដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានកម្មវិធីសង្ក្រាន្តនៅតាមរាជធានីខេត្តនានា មានការកម្សាន្តល្បែងប្រជាប្រិយ ប្រគំតន្ត្រី និង ការបាញ់ទឹក ប៉ាតម្សៅ ជាដើម បង្ករនូវភាពសប្បាយរីករាយជាអនេក ក្រោយកម្មវិធីបែបនេះ ត្រូវបានខកខានប្រារព្ធអស់រយៈពេល ២ ឆ្នាំ មកហើយ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមទៅនឹងការកម្សាន្តដ៏សប្បាយរីករាយនេះ ស្រាប់តែក្រោយថ្ងៃចូលឆ្នាំខ្មែរ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ យុវតីមួយរូបបានចែករំលែក ក៏ដូចជាផ្ញើសារដាស់តឿន ក្រោយខ្លួន ត្រូវរងរបួសត្រចៀកយ៉ាងធ្ងន់ធ្ងរ ដោយសារតែការលេងបាញ់ទឹកនេះ។
ជាក់ស្ដែង យុវតីខាងលើដែលមានគណនីឈ្មោះ ស៊ីថា អារ៉ូមី បានបញ្ជាក់ឱ្យដឹងថា ៖ «នេះជារូបភាព និង ជាសារដាស់តឿន ដល់មនុស្សមួយចំនួន ដែលចូលចិត្តលេងបាញ់ទឹក តម្រង់រកមុខ និងត្រចៀក ។ល។ ត្រចៀកខ្ញុំ ត្រូវគេបាញ់ទឹកត្រូវមួយទំហឹងធំ ហើយពេលនេះ ត្រចៀកខ្ញុំស្ថិតនៅក្នុងស្ថានគ្រោះថ្នាក់មួយនៅផ្នែកខាងស្ដាំ (កំពុងព្យាបាល) ដោយខ្ញុំបានបែកក្រដាស់ត្រចៀក ហើយក៏ស្ដាប់មិនឮទៀតដែរ»។

យុវតីខាងលើ បានបញ្ជាក់ទៀតថា ខ្លួនសូមចិត្តមនុស្សមួយចំនួនធំ ដែលលេងបាញ់ទឹកកំឡុងពេលចូលឆ្នាំ ឬក៏កំឡុងពេលស្រង់ព្រះ ជាដើម សូមលេងដោយមានការប្រុងប្រយ័ត្ន និង មេត្តាគិតពីសុវត្ថិភាពមនុស្សជុំវិញខ្លួនផង ដោយមិនលេងបាញ់ទឹកតម្រង់រកផ្នែកសំខាន់ណាមួយលើរាងកាយ។

ចំពោះរឿងនេះ យុវតីបានបញ្ជាក់ទៀតថា នេះជារឿងអចេតនា ហើយសារនេះរូបនាងផ្ដោតសំខាន់លើមនុស្សដែលលេងមិនគិតពីសុវត្ថិភាពរបស់អ្នកដទៃ ហើយក៏សូមមេត្តាដល់បងប្អូនទាំងអស់គ្នា លេងដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមានរឿងកើតឡើងដូចខ្លួន៕

Related posts

Leave a Comment