នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការរបស់លោកឧកញ៉ា សួរ វីរៈ បានបង្ហោះពីសកម្មភាពជួបជាមួយក្មេងប្រុសកម្សត់ លក់លៀសហាល ល្បីលើបណ្ដាញសង្គម ដែលលោកបានឧបត្ថម្ភថវិកាចំនួន ២ លានរៀល សង្ឃឹមថាអាចជួយក្មេងប្រុសបានមួយរយ:ពេលខ្លី ហើយក៏សង្ឃឹមថា ជីដូន ជីតា របស់គេនឹងអនុញ្ញាតឱ្យគេអាចចូលរៀនវិញ។
បន្ថែមលើសពីនេះ លោកឧកញ៉ាបានរំឭករឿងរ៉ាវផ្សាភ្ជាប់ និង ជីវិតក្មេងប្រុសខាងលើថា ៖ «ខ្ញុំគិតថា ជីវភាព និង ស្ថានភាពដូចក្មួយ គឺមានច្រើននាក់ណាស់ក្នុងប្រទេស។ អ្វីដែលបណ្តាលឱ្យខ្ញុំចង់ជួបគាត់ ដោយសាររូបភាព និង ដំណើរជីវិតដែលគាត់ជួបពេលនេះ វាហាក់ដូចជាដំណើរជីវិតពិតរបស់ខ្ញុំកាលនៅវ័យក្មេង ដែលរស់នៅពឹងលើខ្លួនឯង លក់ជ្រក់ លក់នំ លក់ពងទា លក់ការ៉េមកី ដើម្បីបន្តដំណើរជីវិតមកដល់ថ្ងៃនេះ»។
គួររំឭកផងដែរថា ទាក់ទិនទៅនឹងរឿងប្អូនប្រុសខាងលើ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ សម្ដែងក្ដីរំជួលចិត្ត អាណិតក្មេងប្រុស ដែលបានអង្គុយដោយក្ដីអស់សង្ឃឹម ក្រោយភ្លៀងធ្លាក់ទទឹករទេះលៀសហាលអស់ គួរឱ្យអាណិតអាសូរបំផុត។
ដោយឡែក សកម្មភាពបែបនេះ ត្រូវបានមហាជនចែករំលែកបន្តព្រោងព្រាត ចេញពីគណនីឈ្មោះ Rax MP ក្នុងបណ្ដាញសង្គម Tiktok ដោយបានបង្ហាញពីសកម្មភាពរូបគេអង្គុយក្បែរទេះលៀសហាល នៅបណ្ដោយផ្លូវលេខ ៣៣០ កែងវិថីសហភាពអឺរ៉ុប យ៉ាងអស់សង្ឃឹម ក្រោយមិនទាន់បានលក់លៀសអស់ផង បែរមកត្រូវទឹកភ្លៀងទទឹកអស់ គួរឱ្យសោកស្ដាយជំនួស៕