ប្រិយមិត្តប្រាកដជាបានដឹងហើយ តាមទំនៀមទម្លាប់រស់នៅរបស់ប្រជាជនខ្មែរយើងមួយចំនួន តាំងពីដើមមក ក្រោយពីស្ត្រីសម្រាលកូនរួចហើយ ចាស់ៗតែងនិយមឱ្យស្ត្រីជាម្ដាយអាំងភ្លើង ដោយសម្រាកនៅលើគ្រែ នឹងមានដុតភ្លើងចង្ក្រាន្តនៅពីក្រោម។
ទាក់ទិនទៅនឹងសកម្មភាពបែបនេះ ក៏មានឆ្មបមួយរូប បានចេញមុខមកបញ្ជាក់ថា ស្ត្រីទើបតែសម្រាលកូនរួច គឺហាមអាំងភ្លើងជាដាច់ខាត ព្រោះអាចបណ្ដាលឱ្យមានផលប៉ះពាល់។
ស្ត្រីជាឆ្មប ដែលមានគណនីឈ្មោះ Chan Rattana បានបញ្ជាក់ថា ៖ «ក្នុងនាមខ្ញុំជាឆ្មប សូមជម្រាបជូនដល់បងប្អូនកូនក្មួយ ដែលជាស្រ្តីទើបតែសម្រាលកូនរួច ហាមជាដាច់ខាតអាំងភ្លើង ការអាំងភ្លើង ប្រៀបដូចជាអាំងត្រីអ៊ីចឹង វាធ្វើឱ្យបែកញើស ស្បែកស្ងួត អស់កម្លាំង ថប់ដង្ហើម មានពងខ្ទុះលើស្បែកម៉ែ និង កូន ពេលខ្លះសម្ពាធឈាមឡើងទៀត។ ម៉្យាងទៀត ចាស់ៗខ្លះគាត់ឱ្យតមអាហារដែលមានជីវជាតិទៀត គាត់ឱ្យហូបតែអាហារណាដែលគ្មានជីវជាតិ ដល់ម្តាយ និង កូន ព្រោះគាត់ខ្លាចទាស់។ ខ្ញុំសូមជម្រាបថា បើតមអាហារដែលមានជីវជាតិកាន់តែខ្លាំង ស្រ្តីនឹងជួបបញ្ហាទាស់កាន់តែខ្លាំង ព្រោះខ្វះជីវជាតិ ហៅថាបាក់ ដូច្នេះធ្វើឱ្យម្តាយ និង កូនសុខភាពមិនល្អ រឹតតែមានជំងឺច្រើន»។