ចែកគ្នាដឹងផង! ទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាងកិរិណីទេវី ដែលនឹងយាងមក ទ្រង់សោយ…

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍​ ១៣ កើត​ ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី ខាងមុខនេះ។

ក្នុងនោះ បើតាមការឱ្យដឹងពី សៀវភៅមហាសង្ក្រាន្ត រៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ បានឱ្យដឹងថា ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មី យាងចុះមក ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយ ជួបជុំ គ្រួសារ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី លះបង់ចិត្តគំនិតអាក្រក់ ដែលកើតមានឆ្នាំចាស់ ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តអំពើល្អ នើទេវតា និងឱ្យពរសព្ទសាធុការ នឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីតរៀងទៅ៕

Related posts

Leave a Comment