ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មី ដូចខាងក្រោម ៖
១-ទំនាយអំពីទឹកភ្លៀង ៖ ឆ្នាំនេះ ភពអាទិត្យ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៤០០ មេដែលចែកចេញជា ៖
ចក្រវាល ១៦០ មេ
ព្រៃហេមពាន្ត ១២០ មេ
មហាសមុទ្រ ៨០ មេ
និង ជម្ពូទ្វីបមនុស្សលោកយើង មានចំនួន ៤០ មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំល្អ កណ្តាលឆ្នាំភ្លៀងតិច និង ចុងឆ្នាំភ្លៀងច្រើន។
២-កេណ្ឌធារានិគុណ ៖ ឆ្នាំនេះមានកេណ្ឌ (០) ត្រូវត្រង់អាបោធាតុចុះទំនាយថា ត្រជាក់ មានខ្យល់ព្យុះច្រើន។
៣-ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេ មានសំណល់ ០ (សូន្យ ) ទំនាយថា ទឹកទន្លេបឹងបួរធំណាស់ ធំជាងឆ្នាំទាំងពួង។
៤-កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (៣) ឈ្មោះថា មជ្ឈិមា ទំនាយថា ស្រូវក្នុងស្រែ ចំការ ផល្លានុផលផលដំណាំ បានតែមួយភាគខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះ មានសេចក្ដីទុក្ខខ្លះស្មើគ្នា ធុញ្ញាហារ មង្សាហារ ផល្លាហារ នឹងសម្បូណ៌ ជាមធ្យម។
៥-ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (១១) ទំនាយថា ស្រែដីទំនាប បានផលល្អ តែស្រែដីទួលមិនសូវល្អទេ។
៦-កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស ២ ត្រូវត្រង់ ដើមល្វាជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយស្រណុកជាពេក តែសម្បូណ៌មនុស្សនិយាយមិនសូវពិតត្រង់ ល្អតែខាងក្រៅ តែចិត្តក្នុងមិនសូវស្មោះត្រង់ មានការភូតកុហកបោកប្រាស់គ្នាច្រើន។
៧-កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យគឺ នាគរាជ ជាដើមទៅ ទំនាយថា គឺមោះពុំមានអន្តរាយអ្វីឡើយ តែមានភ្លៀងនៅដើមឆ្នាំ និង ចុងឆ្នាំច្រើនណាស់៕