ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។
ទន្ទឹមនឹងនោះ តាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្ត នៃឆ្នាំថ្មី ពិសេសថ្ងៃវ័នបតថា ៖
ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា ៖ ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយ នឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ។ ដោយឡែក ពេលវេលាមហាសង្ក្រាន្ត ចូលឆាំ្ននៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេវធីតាឈរ នៅលើពាហនៈ ទំនាយថា ៖ បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្តជាអនេកកប្បការ។
គួរឱ្យដឹងផងដែរថា ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕