ចែកគ្នាដឹង! ថ្ងៃទី ៣១ ផ្អាកចរាចរណ៍បណ្ដោះអាសន្ន កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីផ្លូវ ៣០ ម៉ែត្រ ដល់ស្ពានអាកាសចោមចៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ (អតីតរង្វង់មូលចោមចៅ) ឱ្យបានដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ០៥:០០ នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និង ផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីផ្លូវ ៣០ ម៉ែត្រ (ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ ខណៈផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានី នឹងបើកឱ្យចរាចរជាធម្មតាវិញ៕

Related posts

Leave a Comment