ជិតដល់ថ្ងៃហើយ! សៀមរាប ឥឡូវរៀបចំចេញស្អាតបណ្ដើរៗហើយ ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍​ ១៣ កើត​ ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ ខាងមុខនេះ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។

ទន្ទឹមនឹងថ្ងៃដែលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ បើក្រឡេកទៅមើលនៅតាមភូមិឋាន ក៏ដូចជាវត្តអារាម និង កន្លែងកម្សាន្តមួយចំនួន ក្នុងក្រុងសៀមរាប បាន និង កំពុងរៀបចំតុបតែងសម្អាតបរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈ ដើម្បីអបអរសាទរ និង បង្កលក្ខណៈសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកស្នាក់នៅ ក៏ដូចជាទស្សនាកម្សាន្ត ក្នុងក្រុងសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័ស រដ្ឋបាលក្រុងសៀមរាប កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។

យ៉ាងណាមិញ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ហាក់មានភាពសប្បាយរីករាយជាអនេក ខណៈថ្នាក់ដឹកនាំ បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋគ្រប់​ៗរូប​ អាចជួបជុំ សប្បាយរីករាយ ក្នុងថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោយពិធីបុណ្យដ៏ធំមួយនេះ ត្រូវបានអាក់ខានប្រារព្ធអស់រយៈពេល ២ ឆ្នាំមកហើយ ដោយសារតែស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕

Related posts

Leave a Comment