Xu Kai គឺជាកំពូលតារាសម្ដែងប្រុសរូបសង្ហាម្នាក់របស់ចិន ដែលមានអាយុក្រោម ៣០ ឆ្នាំ ថែមទាំងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ខ្លាំងផងដែរ ចាប់តាំងពីចូលប្រឡូកក្នុងអាជីពសម្ដែងអស់រយៈពេល ៤ ឆ្នាំ កន្លងមកនេះ។
បើនិយាយដល់ការរកចំណូលរបស់លោក បានមកពីការថតសម្ដែងក្នុងរឿងភាគ និង កម្មវិធីផ្សេងៗជាច្រើន អាចរកបានប្រាក់ចំណូលច្រើនគួរសមដែរ ជាមួយនឹងភាពជោគជ័យកាន់តែខ្លាំង ក្នុងនាមជាតារាសម្តែងនាបច្ចុប្បន្ន។
យ៉ាងណាមិញ ពេលមិនសូវរវល់ក្នុងការថតសម្ដែងរឿង តារាប្រុសរូបនេះភាគច្រើនតែងតែមមាញឹកខ្លាំងក្នុងការចូលរួមកម្មវិធីបង្ហាញម៉ូដ និង ថតផ្សាយពាណិជ្ជកម្ម។ ជាក់ស្តែងកាលពីកន្លងទៅនេះ តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ តែងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សេងៗទាក់ទាញមនុស្សយ៉ាងច្រើនកុះករ ព្រមទាំងមានជាកម្មវិធីជំនួបក្រុមអ្នកគាំទ្រ ជាមួយការចែកជាកាដូអនុស្សាវរីយ៍ដល់ហ្វេនៗរបស់លោកផងដែរ។
កាន់តែឡើងកូដខ្លាំង ស្រាប់តែមានគេចេញមកទម្លាយពីការរកប្រាក់ចំណូលរបស់ Xu Kai ថា លោកអាចរកបានប្រមាណជិត ៩ ម៉ឺនដុល្លារ ក្នុងកម្មវិធីមួយរយៈពេល ២០ នាទី ឬ ៥ ពាន់ដុល្លារ ក្នុងរយៈពេល ១ នាទី។
ទោះបីជាតម្លៃខ្លួនរបស់លោកមើលទៅស៊ីថ្លៃខ្ពស់ហួសពេកក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះនៅតែកាត់ភាគរយលើការបង់ពន្ធ ហើយមួយចំណែកទៀតទៅលើទីភ្នាក់ងារចាត់ការផ្ទាល់របស់លោក ដូច្នេះ Xu Kai ក៏មិនអាចដាក់ចូលហោប៉ៅខ្លួនបានច្រើននោះដែរ៕