ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២២ ខាងមុខនេះ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។
ទន្ទឹមទៅនឹងពិធីបុណ្យប្រពៃណីជាតិដ៏ធំ ដែលកៀកខិតជិតមកដល់នេះ ក្រុមការងារក្នុងខេត្តសៀមរាប បានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ឱ្យសក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ព្រមទាំងបានរៀបចំពិធីសង្ក្រាន្តសៀមរាបនៅទីតាំងចំនួន ២ ក្នុងទឹកដីអង្គរគឺ ៖
ទី ១. នៅក្នុងក្រុងសៀមរាប
ទី ២. នៅប្រាសាទចៅសាយចៅទេវតា
ក្នុងនោះ បើតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ចំពោះទីតាំងទាំង ២ ដែលនឹងប្រារព្ធពិធីសង្ក្រាន្តនេះ នឹងមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ៕