ថ្មីចែស! យកលុយដុល្លារក្លែងក្លាយទៅផ្ញើ Wing ដោយដាក់លេខទូរស័ព្ទខ្លួនឯងជាអ្នកទទួល

កាលពីពេលថ្មីៗនេះ ចោរស្រីដៃឆើតម្នាក់ បានប្រើល្បិចយកលុយដុល្លារក្លែងក្លាយទៅផ្ញើនៅកន្លែង Wing អោយវេរចូលលេខទូរស័ព្ទរបស់ខ្លួនវិញ តែត្រូវម្ចាស់ Wing ដឹងខ្លួនទាន់ ថា ជាលុយដុល្លារក្លែងក្លាយ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង ។
គួរឲ្យដឹងថា បទល្មើសនេះ បានកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នុងនោះផងដែរ ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ ហេង សុផាណ្ណារិទ្ធ អធិការរងនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអាជីវករ ។ ចំណែក ជនសង្ស័យឈ្មោះលឹម ស្រីពៅ ហៅណែត ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

ជាមួយគ្នានេះ សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបើក Wing របស់ខ្លួន ស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់ ហើយយកលុយដុល្លាក្លែងក្លាយក្រដាស៥០ដុល្លារ អោយជនរងគ្រោះវេរអោយ ដោយដាក់លេខទូរស័ព្ទខ្លួនឯង ជាអ្នកទទួល ។

បន្ទាប់មក ពេលជនរងគ្រោះ មើលពិនិត្យលុយ ទើបឃើញថាលុយនេះជាលុយដុល្លារក្លែងក្លាយ ទើប ជនរងគ្រោះ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ អោយចុះមកអន្តរាគមន៍ឃាត់ខ្លួន ឆែកក្នុងកែបម៉ូតូឃើញប្រាក់ដុល្លាក្លែងក្លាយក្រដាស៥០ដុល្លារ ចំនួន៨សន្លឹកទៀតយកទៅសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Related posts

Leave a Comment