នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ ព្រឹក បើយោងតាមសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា សមត្ថកិច្ចបានកោះហៅហាយសូរ Poh និង Robert ដែលជាជនសង្ស័យ ២ នាក់ក្នុងសំណុំរឿងការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida មករាយការណ៍ដើម្បីបំពេញលក្ខខណ្ឌផ្តល់ចម្លើយរៀងរាល់ ៥ ថ្ងៃម្ដង។ បន្ទាប់ពីការសាកសួរចម្លើយបន្ថែមនៅថ្ងៃទី ០២ ខែមេសានេះ ទៅលើ Poh និង Robert អ្នកទាំងពីរ ត្រូវបានគេចោទប្រកាន់ពីបទភូតកុហក និង បំផ្លាញភស្តុតាង។
គួរបញ្ជាក់ផងដែរ ចំពោះរឿងផ្តល់ចម្លើយមិនច្បាស់លាស់ ពីមុនអ្នកទាំង ២ បានផ្តល់ចម្លើយថា បានផឹកស្រាអស់ត្រឹម ៣ដបប៉ុណ្ណោះនៅលើទូក ប៉ុន្តែតាមការស៊ើបអង្កេតបានរកឃើញថា គ្រឿងស្រវឹងគឺលើសពី ៣ដប នៅលើទូកនោះ គឺបានបោះចោលដបស្រា ១ដប ដែលព័ត៌មានលម្អិតផ្សេងទៀតមិនអាចផ្តល់ចម្លើយបានទេ ព្រោះស្ថិតក្នុង ការស៊ើបអង្កេតបន្ត។
ជាមួយគ្នានោះ សារព័ត៌មានដដែលបន្តថា អ្នកស៊ើបអង្កេតកំពុងតែធ្វើដំណើរការក្តីទៅកាន់តុលាការខេត្ត Nonthaburi ដើម្បីសុំដីកាចាប់ខ្លួន Sand មួយរូបទៀត ដែលជាអ្នកនៅខាងក្រោយទូកជាមួយនឹង Tangmo មុនពេលនាង បានធ្លាក់ពីលើទូក ចោទពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់។
ចំពោះសំណុំរឿងទាំងនេះ តុលាការបានអនុម័តដីកាចាប់ខ្លួននេះហើយ ពេលនេះកំពុងរង់ចាំការសម្របសម្រួលឱ្យ ខាងភាគី Sand ចូលខ្លួនមកទទួលការចោទប្រកាន់។ ចំណែក Poh ត្រូវបានចោទប្រកាន់ពីបទភូតកុហកផ្តល់ចម្លើយមិនពិត និង Robert ចោទពីបទបំផ្លាញភស្តុតាង តែប៉ុណ្ណោះ៕