កាលពីរាត្រីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យ Pleng Music Awards 2022 ដែលបានរៀបចំឡើងយ៉ាងធំ និង មានការដើរកម្រាលព្រំក្រហមនៅកម្ពុជានោះ ពិតជាបានអង្រួនបេះដូងមហាជនអ្នកគាំទ្រមានការរំភើបចិត្តខ្លាំង ជាមួយនឹងវត្តមានរបស់អ្នកសិល្បៈ ក៏ដូចជា Influencer ល្បីៗប្រចាំប្រទេសជាច្រើនរូប។
ជាមួយនឹងការបង្ហាញខ្លួនរបស់តារា និង Influencer ល្បីៗ គ្រងដោយឈុតសម្លៀកបំពាក់ដ៏ទាក់ទាញច្នៃឡើងយ៉ាងស្រស់ស្អាតប្រណីតរៀងៗខ្លួន ដើរប្រជែងសម្រស់គ្នាលើកម្រាលព្រំក្រហមយ៉ាងជឿជាក់ និង លេចធ្លោទាក់ភ្នែកខ្លាំងនោះ វាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយមិនអាចបំភ្លេចបាន។
ដោយឡែក បើចាប់អារម្មណ៍ចំពោះតារាចម្រៀងប្រុសល្បីឈ្មោះ ជី ដេវីដ ក៏បានឃើញវត្តមានចូលរួមក្នុងកម្មវិធីដ៏ធំនេះដែរ ដោយលោកបានដឹកដៃគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ចូលរួមជាតារាកិត្តិយស និង មានសម្ដែងទស្សនីយភាពពិសេសៗផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ លោក ជី ដេវីដ ដើរលើកម្រាលព្រំក្រហមនេះវិញ ពិតជាជះរាងសង្ហា និង មានភាពអភិជនខ្លាំងជាមួយនឹងឈុតពណ៌ត្រួយចេករំលេចជាមួយគ្រឿងអលង្ការស្ទើរស្រោចខ្លួន ច្នៃពីពេជ្រយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំង ដែលត្រូវបានមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីស្ទីលថ្មីរបស់លោកក្នុងមួយឈុតនេះផងដែរ។
សម្រាប់គ្រឿងអលង្ការរបស់តារាប្រុសល្បីរូបនេះវិញ ត្រូវបានគេរំពឹងមានតម្លៃរាប់ម៉ឺនដុល្លារ បើបូកសរុបមួយតួខ្លួន។ ជាក់ស្តែង បើក្រឡេកទៅមើលក្រវិលដែល ជី ដេវីដ ពាក់នៅត្រចៀកខាងស្តាំ គឺមានតម្លៃ ១៨៩០ ដុល្លារ និង ក្រវិលដែលពាក់នៅត្រចៀកខាងឆ្វេង គឺមានតម្លៃ ១០២០ ដុល្លារ។ ចំណែកឯចិញ្ចៀនមួយវង់ដែល ជី ដេវីដ ពាក់នៅដៃស្តាំលើម្រាមកណ្តាល គឺមានតម្លៃ ១៦៩០ ដុល្លារ។ រីឯខ្សែដៃតូចមួយខ្សែពាក់នៅលើ-កដៃស្តាំ គឺមានតម្លៃ ៣៣០០ ដុល្លារឯណោះ។ នេះបើតាមការដកស្រង់តម្លៃចេញពី Telegram របស់ហាងលក់គ្រឿងអលង្ការ សេង ចិន្តា៕