នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ Iconic Songkran Festival បានប្រារព្ធធ្វើឡើងនៅផ្សារទំនើប Icon Siam ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះ មនុស្សម្នាជាច្រើន បានផ្តោតការចាប់អារម្មណ៍ខ្លាំងទៅលើតួអង្គតែងខ្លួនជាទេពធីតាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ព្រះនាង ករិណីទេវី គឺតារាសម្ដែងស្រី Baifern Pimchanok។
សម្រាប់ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះ Baifern បានធ្វើឱ្យអ្នកគាំទ្រព្រឺសម្បុរចំពោះការរៀបចំតុបតែងខ្លួន គ្រងក្នុងឈុតសម្លៀកបំពាក់បែបបុរាណ យ៉ាងស្រស់ស្អាតផូផង់ គួរឱ្យឈ្លក់វង្វេង។ ចំពោះឈុតទេពធីតាសង្ក្រាន្តមួយតួខ្លួន ដែលតារាស្រីរូបនេះបានគ្រងនេះ បើតាមការបង្ហើបឱ្យដឹងមានតម្លៃរហូតដល់ ៥៩៦០០ដុល្លារ ច្នៃឡើងយ៉ាងល្អឥតខ្ចោះ ទាំងគ្រឿងអលង្ហារលម្អខ្លួនផ្សេងៗ បើធៀបនឹងឈុតទេពធីតាកាលពី ៣ឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៩ តារាស្រីកើតឆ្នាំ ១៩៩២ រូបនេះ បានធ្វើឱ្យបណ្តាញសង្គមកក្រើកម្ដងរួចមកហើយ ដោយនាងបានតុបតែងខ្លួនជាទេពធីតាសង្ក្រាន្ត។ សម្រស់រូបរាងរបស់នាងនៅពេលនោះ បានធ្វើឱ្យអ្នកគាំទ្ររាប់លានសរសើរមិនដាច់។ ហើយក្នុងឆ្នាំ ២០២២នេះ កម្មវិធីសង្ក្រាន្តក្នុងប្រទេសថៃ សម្រស់របស់ Baifern ក៏ស្រស់មានស្នេហ៍មិនចាញ់ឆ្នាំមុនៗដែរ៕