ទើបរៀបការរួច នីឡា បង្ហោះសារថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជិវិត»

កាលពីមួយរយៈមុន តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសដំណឹងដ៏គួរឱ្យអបអរសាទរនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម គឺនាងកំពុងមានផ្ទៃពោះកូនដំបូងបាន ១៧ សប្ដាហ៍ហើយ ខណៈតារាស្រីរូបនេះ និង ស្វាមីរូបសង្ហា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅយ៉ាងអធិកអធម ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមចូលរួម។

មហាជនអ្នកគាំទ្រមួយចំនួនបានសរសើរពីភាពក្លាយហានរបស់ វ៉ាន់ នីឡា ដែលមិនលាក់បាំងរឿងមានកូនមុនរៀបការ ព្រោះថាតារាស្រីវ័យ ២២ ឆ្នាំរូបនេះ បានបញ្ជាក់ពីមូលហេតុ ២ យ៉ាងច្បាស់ៗទៅកាន់អ្នកគាំទ្រតាមរយៈ IG Story ផ្ទាល់មាត់ ពេលមានគេសួរដល់រឿងនេះថា នាងសម្រេចចិត្តមានផ្ទៃពោះមុនរៀបការ គឺបណ្ដាលមកពីមូលហេតុ ២ យ៉ាង៖ ទី១ គឺនាង និង ស្វាមីចង់បានកូន ចំណែកឯមូលហេតុទី២ គឺនាងពិបាកមានកូន។

តែទន្ទឹមនឹងពាក្យសរសើរលើកទឹកចិត្ត ក្នុងនោះក៏មានមហាជនអ្នកគាំទ្រមួយចំនួន បានបញ្ចេញយោបល់រិះគន់អ្នកម៉ាក់វ័យក្មេងរូបនេះដែរ។ ពិតណាស់ជីវិតរៀបការតែងមានទំហំនៃការទទួលខុសត្រូវកាន់តែច្រើន តួយ៉ាងនៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២២ នីឡា បានបង្ហោះសារយ៉ាងចាក់ដោតក្រោយរៀបការបានជាង ១ ខែថា ៖ «ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជីវិត មិនថា សប្បាយ ឬ ទុក្ខ»៕

Related posts

Leave a Comment