ដូចដែលប្រិយមិត្តដឹងហើយថា តារាស្រី Pum Pui ដែលជាប្រពន្ធរបស់តារាប្រុសរូបសង្ហា Gavin តែងតែត្រូវបានមហាជនអ្នកគាំទ្រកើតក្ដីមិនពេញចិត្ត ព្រមទាំងរិះគន់នាងមកជារឿយៗ មិនថាតារាស្រីរូបនេះធ្វើអ្វីនោះទេ តែងត្រូវបានពួកគេលើកជាប្រធានបទវិភាគវែកញែកមករហូត។
តួយ៉ាងកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Pum Pui ក៏បានចេញមកបង្ហោះវីដេអូមួយដោយបីកូន ដើម្បីនឹងទៅចាក់វ៉ាក់សាំង។ ជាមួយគ្នានោះ នាងក៏បានយកវីដូអូនោះទៅបង្ហោះលើគណនី Tik Tok បន្តទៀតដោយបានសរសេរ Caption បែបលេងសើចមួយឃ្លាថា ៖ «អ្នកណាហ៊ានតែវាយកូនអញ អញនឹងទះវាហើយ»។
បន្ទាប់ពីវីដេអូនោះបង្ហោះទៅ បន្តិចក្រោយមកគេក៏ឃើញមានមហាជនជាច្រើនបានចូលទៅខមមិនថាឱ្យនាងជុំវិញការប្រើប្រាស់ពាក្យសម្ដីសរសេរ Caption ដែលពួកគេមើលទៅហាក់មិនស័ក្តិសមឡើយ។ ក្រោយពីផ្ទុះការរិះគន់ខ្លាំងមក តារាស្រី Pum Pui ក៏បានចេញមកបកស្រាយផងដែរថា ការសរសេរនោះគ្រាន់តែជាការលេងសើចរបស់នាងតែប៉ុណ្ណោះ នាងពុំមានចេតនាណាមួយដែលនាំឱ្យប៉ះពាល់ទៅកាន់នរណាម្នាក់នោះឡើយ។
ជាមួយគ្នានោះ នាងក៏បានបន្ថែមពីលើរឿងដែលនាងមិនព្រមបង្ហាញមុខកូនឱ្យមហាជនឃើញ តែបែរជាបង្ហោះរូបភាព ព្រមទាំងវីដេអូនេះឡើងផងដែរថា ៖ «សូមឱ្យមហាជនយល់ពីនាង ព្រោះថាខណៈនេះនាងព្យាយាមនៅកណ្ដាលមិនចង់ឱ្យនរណាម្នាក់មករិះគន់ឡើយ ដោយហេតុថានាងជាអ្នកសិល្បៈ រីឯកូនរបស់នាងពុំពាក់ព័ន្ធនឹងអាជីពទាំងនេះទេ ហើយទង្វើដែលនាងធ្វើនេះគឺវាល្អបំផុតហើយសម្រាប់កូនរបស់នាង រីឯអ្នកដែលនិយាយថានាងនឹងបញ្ចេញមុខកូនទាល់តែកូនអាយុ ១៨ ឆ្នាំនោះ វាមិនពិតទេ អ្វីដែលសំខាន់ទោះកូននាងអាយុប៉ុន្មានក៏ដោយឱ្យតែគេយល់ពីការប្រើប្រាស់បណ្ដាញសង្គម និយាយយល់គ្នានោះនាងនឹងបង្ហាញហើយ»៕