ពិតណាស់ នៅរាត្រីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យ Pleng Music Awards 2022 តារាចម្រៀងស្រី ទេព បូព្រឹក្ស ក្រៅពីបង្ហាញខ្លួនលើកម្រាលព្រំក្រហមយ៉ាងលេចធ្លោ និង បានសម្ដែងទស្សនីយភាពយ៉ាងពិសេសហើយនោះ កញ្ញា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការរំភើបចិត្តជំនួស ក្រោយពីត្រូវបានប្រកាសឈ្នះពានរង្វាន់ចំនួន ៣ ប្រចាំឆ្នាំ ២០២២។
ពានរង្វាន់នេះដែរ សុទ្ធសឹងតែទទួលបានពីសមិទ្ធិផលថ្មីនៃបទចម្រៀងរបស់នាង គឺបទ «វីរៈនារី» ដែលជាវីដេអូបទចម្រៀងផ្ទុះការសរសើរខ្លាំងកាលពីកន្លងទៅ ដោយបានជាប់ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ» ពាន «វីដេអូចម្រៀងប្រចាំឆ្នាំ» និង ពាន «វីដេអូចម្រៀងដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ»។
ដោយឡែកក្រោយពីទទួលបានពានរង្វាន់ទាំង ៣ ចេញពីសមិទ្ធិផលខ្លួនយ៉ាងមានមោទនភាពនេះហើយ គេក៏បានឃើញ តារាចម្រៀងស្រីរូបនេះ បង្ហោះសារលើបណ្ដាញសង្គមបង្ហាញនូវអារម្មណ៍រំភើប និងពោលពាក្យអរគុណទៅកាន់អ្នកគាំទ្រ ក៏ដូចអ្នកស្អប់នាងកន្លងមក ដែលធ្វើឱ្យនាងកាន់តែរឹងមាំស៊ូរហូតជោគជ័យដូចពេលនេះ។
សារនោះ តារាចម្រៀង ទេព បូព្រឹក្ស បានសរសេររៀបរាប់ភ្ជាប់ជាមួយនឹងរូបភាពពានរង្វាន់ថា ៖«ទីបំផុតខ្ញុំអាចធ្វើបានហើយ ហ្វេនខ្ញុំបានយកវាមកឱ្យអ្នកបានហើយ អេ hater អរគុណដូចគ្នាណាបើមិនមានចំណែកអ្នកទេខ្ញុំគ្មានភាពរឹងមាំឡើយ ឥឡូវនេះខ្ញុំបានពាន ៣ ហើយ អរគុណ អរគុណ»៕