នៅចាំបានទេ!ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ ក្រោយបាត់ឈឹងពីសិល្បៈតែស្ថានភាពបច្ចុប្បន្ន

កាលពី ២០ ឆ្នាំមុន ពោលគឺកំឡុងឆ្នាំ ២០០០ កន្លងទៅនោះ ក្នុងវិស័យចម្រៀងនរណាដែលថាមិនធ្លាប់បានស្តាប់បទចម្រៀង «មិនស្រឡាញ់អូនមិនបាន» «មិនអាចគ្មានអូន» «ស្នេហ៍ក្រោមពន្លឺកាំជ្រួច» «ស្នេហ៍ដែលអូនចង់បាន» ដែលបកស្រាយដោយតារាចម្រៀង ចាន់ សម័យ និង អោក សុម៉ារីម៉ា ដកស្រង់ចេញពីរឿងភាគល្បី «ស្នេហាបួនដួង» ឬ «F4» នោះ ។

ប្រាកដណាស់ថាប្រិយមិត្តមួយចំនួនធំនឹងធ្លាប់បានស្តាប់ ហើយក៏អាចចេះច្រៀងថែមទៀតផង ។ យ៉ាងណាមិញ បើងាកមកម្ចាស់បទចម្រៀងគឺលោក ចាន់ សម័យ និង អ្នកនាង អោក សុម៉ារីម៉ា វិញ តើមកដល់ពេលនេះពួកគេបានរសាតអណ្តែត និង មានជីវិតរស់នៅបែបណាខ្លះ បន្ទាប់ពីចេញឆ្ងាយពីវីស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំមកនេះ?

១. លោក ចាន់ សម័យ
បច្ចុប្បន្ននេះលោក ចាន់ សម័យ កំពុងរស់នៅក្នុងផ្ទះវីឡាតឿមួយក្នុងបុរី ឡេង ណាវ៉ាត្រា នៅម្តុំទួលពង្រ ដែលផ្ទះវីឡានោះគឺជាអំណោយរបស់សម្តេច ហ៊ុន សែន និង លោកជំទាវ បានទិញឱ្យរូបគេ និង គ្រួសារ បន្ទាប់ពីសម្តេចបានទទួលដំណឹងពីការរស់នៅយ៉ាងលំបាក និង រូបគេកំពុងស្ពាយជំងឺប្រចាំកាយទៀតនោះ ។

បើនិយាយពីអតីតកាល លោក ចាន់ សម័យ បានបាត់មុខឈឹងពីវិស័យសិល្បៈរាប់ឆ្នាំ ដោយគេមិនបានដឹងថាលោករសាត់អណ្តែតដល់ទីណានោះទេ រហូតដល់ដើមឆ្នាំ ២០១៩ ស្រាប់តែបែកធ្លាយរូបភាព និង ដំណឹងថា លោកបានរស់នៅយ៉ាងលំបាក ខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយថែមទាំងមានប្រពន្ធ និង កូនក្នុងបន្ទុកទៀត អ្វីដែលពិសេសនោះគឺលោកមានជំងឺប្រចាំកាយ ជាហេតុធ្វើឱ្យមិត្តក្នុងសិល្បៈជំនាន់លោកភ្ញាក់ផ្អើល និង រន្ធត់ចិត្តយ៉ាងខ្លាំង ។

២. អ្នកនាង អោក សុម៉ារីម៉ា
បើនិយាយដល់តារាចម្រៀង អោក សុម៉ារីម៉ា ឯណេះវិញ ហាក់ផ្ទុយស្រឡះពីតារាចម្រៀង ចាន់ សម័យ ដោយបច្ចុប្បន្ននេះអ្នកនាងកំពុងរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក ក្រោយបានរៀបការជាមួយអាណិកជនខ្មែររស់នៅទីនោះ ។ ក្នុងជីវិតរស់នៅឯក្រៅប្រទេសនេះ អ្នកនាង អោក សុម៉ារីម៉ា បានរស់នៅយ៉ាងឡូយឆាយ និង មានសុភមង្គលជាមួយគ្រួសារដ៏កក់ក្តៅមួយ ។

រស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះដែរ អ្នកនាង អោក សុម៉ារីម៉ា ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ដោយលក់ផលិតផលដែរក្សាសម្រស់តាមអនឡាញ នេះបើតាមគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហាញ និង តែងតែផ្សព្វផ្សាយនោះ ៕

Related posts

Leave a Comment