ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។
ទន្ទឹមទៅនឹងពិធីបុណ្យជាតិដ៏សំខាន់ ដែលនឹងខិតជិតមកដល់នេះ គេសង្កេតឃើញនៅតាមសាលារៀន ជាពិសេសវត្តអារាមមួយចំនួននៅកម្ពុជា ចាប់ផ្ដើមត្រៀមរៀបចំតុបតែងលម្អទីតាំងជាបណ្ដើរៗ សម្រាប់ពិធីបុណ្យសង្ក្រាន្ត ចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោយពិធីបុណ្យនេះត្រូវបានអាក់ខានក្នុងការប្រារព្ធអស់រយៈពេល ០២ ឆ្នាំរួចមកហើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងកម្ពុជា។
ជាក់ស្ដែង នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ បើតាមការបង្ហោះពីផេក វត្ដឧត្តមមានជ័យ ហៅវត្តពាម ដែលស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បានបង្ហាញពីការរៀបចំតុបតែងលម្អ នូវរូបតំណាងសត្វខ្លា ដែលធ្វើឡើងពីចំបើង ប្រកបដោយភាពច្នៃប្រឌិត ត្រៀមសម្រាប់សង្ក្រាន្តឆ្នាំថ្មី ដែលក្នុងនោះខាងវត្តបានបញ្ជាក់ឱ្យដឹងថា រូបតំណាងនោះជាខ្លាញី ជាគូនឹងទេវតាស្រី ដែលបានសាងសង់រួចរាល់បាន ៥០% ហើយ ត្រៀមសម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក។
គួរឱ្យដឹងដែរថា ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង (វិជ្រៈ) ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ៕