ក្រុមសង្គ្រោះប្រចាំប្រទេសចិន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ បានធ្វើការប្រមូលកម្ទេចបំណែកយន្តហោះរបស់ China Eastern ដែលបានធ្លាក់ផ្ទុះឆេះនៅតំបន់ភ្នំមួយកន្លែង កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដោយមានអ្នកដំណើរសរុបលើយន្តហោះចំនួន ១៣២ (រួមទាំងបុគ្គលិក)។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 បានធ្លាក់បុកផ្ទុះលើភ្នំ ដោយគ្មានអ្នកដំណើរ ឬ បុគ្គលិកបម្រើការលើនោះណាម្នាក់នៅរស់រាននោះឡើយ។ ព្រមជាមួយគ្នានោះដែរ ខាងក្រុមសង្គ្រោះ ប៉ាន់ប្រមាណថា ភ្លើងដែលបានឆាបឆេះពីការធ្លាក់បុកនឹងភ្នំនោះ បានដុតបំផ្លាញសាកសពអ្នកដំណើរ និងរបស់របររបស់ពួកគេទាំងស្រុង មុនពេលរាលដាលឆេះព្រៃនៅជុំវិញកន្លែងកើតហេតុទៅទៀត។
គួររំឭកថា ជើងហោះហើរលេខ MU5735 បានចាកចេញពីប្រលានយន្តហោះ Kunming Changshui International Airport ឆ្ពោះទៅទីក្រុង Guangzhou ខេត្ត Guangdong។ ទោះជាយ៉ាងណា មិនទាន់បានដល់គោលដៅផង ក៏ជួបហេតុការណ៍ធ្លាក់ផ្ទុះនៅតំបន់ភ្នំដាច់ស្រយាលនៅវេលាម៉ោង ២ និង ២១ នាទីរសៀល ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២៕