ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់មកហើយ នូវ Anna ជាមិត្តជិតស្និទ្ធភេទទីបីរបស់តារាស្រី Tangmo ដែលតែងតែខ្នះខ្នែងជួយក្នុងរឿងក្តីការស្លាប់របស់នាងកន្លងមកនេះ។
ដោយឡែក បើនិយាយពីជីវិតផ្ទាល់ខ្លួនវិញ Anna ក៏ជាអ្នកដែលគេស្គាល់ច្រើនក្នុងរង្វង់សិល្បៈថៃផងដែរ នាងក៏ជាពិធីករក្នុងកម្សាន្តកម្សាន្តមួយ ហើយនាងក៏មានជំនួញរកស៊ីនៅខាងក្រៅ ដែលជួយឱ្យនាងរស់ស្រួលមិនតិចនោះទេសព្វថ្ងៃនេះ។
យ៉ាងណាមិញ មុននឹងបានប្រទះភាពសប្បាយហ៊ឺហារបែបនេះ Anna ក៏ធ្លាប់ឆ្លងកាត់រឿងលំបាកវេទនាមកច្រើនណាស់ហើយដែរ ជាពិសេសថ្មីៗនេះ នាងបានទម្លាយក្នុងកម្មវិធីមួយថា នាងធ្លាប់លក់ខ្លួន ដើម្បីជួយដោះបំណុលម្តាយថែមទៀតផង។
ក្នុងនោះ Anna បានរៀបរាប់ពីជីវិតរបស់ខ្លួនថា នាងដឹង និងគិតថាខ្លួនឯងជាមនុស្សស្រីតាំងពីតូចមកម្ល៉េះ ហើយក៏ត្រូវមនុស្សជុំវិញខ្លួនរើសអើងខ្លាំងណាស់ ជាពិសេសគឺគ្រួសារគ្មានអ្នកណាទទួលយកនាងឡើយ។
ក្រោយមក ដោយសារតែទ្រាំនឹងការរើសអើងមិនបាន នាងក៏បានសម្រេចចិត្តរត់ចេញពីផ្ទះតែម្តង ដោយធ្វើជាអ្នកលក់ខ្លួនដើម្បីចិញ្ចឹមជីវិតវិញ ហើយក្នុងមួយថ្ងៃនាងទទួលភ្ញៀវច្រើនបំផុតគឺ ១៥ នាក់ឯណោះ ដែលធ្វើឱ្យនាងបាក់ស្បាតដល់សព្វថ្ងៃ។
ក្នុងនោះលុយដែលបានមកពីការលក់ខ្លួននេះ Anna មិនត្រឹមតែចិញ្ចឹមខ្លួនឯងនោះទេ នាងក៏បានយកឱ្យម្តាយទៅដោះបំណុល និងឱ្យប្អូនរៀនថែមទៀតផង។ មិនតែប៉ុណ្ណោះ នាងបានឱ្យដឹងទៀតថា នាងមានមោទកភាពដែលជួយម្តាយបាន ប៉ុន្តែមិនមានមោទកភាពចំពោះការងារមួយនេះទេ ហើយមានពេលមួយនាងបម្រុងនឹងលេបថ្នាំសម្លាប់ខ្លួនទៅហើយ ព្រោះមកផ្ទះវិញម្តាយក៏នៅតែបន្តជំពាក់គេទៀត ហើយនាងត្រូវប្រឹងបន្ដដើម្បីដោះបំណុលនេះដដែលៗរហូត៕