តារាចម្រៀងល្បី Miley Cyrus បានធ្វើឱ្យអ្នកគាំទ្រធូរចិត្តបន្តិច ក្រោយរូបនាងធ្វើការបង្ហោះថា ខ្លួនមានសុវត្ថិភាពល្អប្រសើរនោះទេ ក្រោយយន្តហោះរបស់នាងត្រូវបង្ខំចិត្តចុះចតភ្លាមៗ ដោយសារតែត្រូវរន្ទះបាញ់ចំ អំឡុងពេលធ្វើដំណើរទៅប្រទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ រួមទាំងក្រុមគ្រួសារ ក្រុមការងារ ត្រូវបង្ខំចិត្តចុះចតភ្លាមៗ ក្រោយកំពុងហោះហើរជួបព្យុះដ៏សាហាវ។ ជាក់ស្ដែង តាមរយៈវីដេអូដែលបានបង្ហោះលើគណនី Instagram បង្ហាញឱ្យឃើញពីហេតុការណ៍នាពេលនោះ ដែលតួយន្តហោះ ត្រូវបានឃើញភ្លើងភ្លឹបភ្លែត ក្រោយត្រូវរន្ទះបាញ់។
ទោះជាយ៉ាងណាជាសំណាងល្អ Miley និង អ្នករួមដំណើរទាំងអស់ គឺបានចុះចតដល់ដីដោយសុវត្ថិភាពហើយ ដោយរូបនាងបានធ្វើការបង្ហោះឱ្យអ្នកគាំទ្រធូរចិត្តដូច្នេះថា៖«ជូនចំពោះអ្នកគាំទ្រខ្ញុំ និង អ្នកដែលបារម្ភចំពោះខ្ញុំ ក្រោយឮដំណឹងពីជើងហោះហើររបស់ខ្ញុំទៅ Asunción។ យន្តហោះរបស់យើង គឺបានជួបនឹងព្យុះដ៏ធំដែលមិនរំពឹងទុកមួយ និង ត្រូវបានរន្ទះបាញ់ផងដែរ។ ក្រុមការងារ ក្រុមតន្ត្រី មិត្តភក្តិ រួមទាំងក្រុមគ្រួសាររបស់ខ្ញុំ ដែលធ្វើដំណើរជាមួយខ្ញុំដែរ គឺមានសុវត្ថិភាពនោះទេ ក្រោយធ្វើការចុះចតភ្លាមៗ។ តែសោកស្ដាយដែរ ដែលពួកយើងមិនអាចហោះហើរទៅប៉ារ៉ាហ្គាយបាន»៕