មុននេះបន្តិច ក្រសួងរ៉េ និងថាមពល បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីចោរកម្ម ដោយ ថ្ងៃទី ៣១ មីនា កន្លងទៅថ្មីៗនេះ ក្រសួងបានរកឃើញ មន្ត្រីមួយរូបឈ្មោះ ជិន លក្ខិណា តួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល និង ជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារប្រាក់រង្វាន់របស់ក្រសួង បានប្រព្រឹត្តអំពើចោរកម្ម ដោយមន្ត្រីរូបនេះ បានចូលបម្រើក្រសួង តាំងពីឆ្នាំ២០១៥មកម្លេះ។
ទន្ទឹមនឹងនេះ ក្រសួង បានផ្ទៀងផ្ទាត់បញ្ជីបឋម រកឃើញហើយថវិកា បាត់បង់មានទំហំ ជាប្រាក់ដុល្លារ១៦០ ២៣៧, ៩២ និង ជាប្រាក់រៀល ១ ៤៣១ ២៨៤ ៥៩៧, ៨០។
គួរបញ្ជាក់ផងដែរថា ថវិកានេះ បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួង តាមប្រកាសអន្តរក្រសួងសម្រាប់បើកជូន ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ចូលរួមបន្សំតាំងពីឆ្នាំ ២០១៧ សម្រាប់ដោះស្រាយការងារទូទៅ លើមុខការផ្សេងៗ ដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ ហើយក៏មិនមែនជា ថវិកាសម្រាប់បង់ចូលរដ្ឋនោះឡើយ៕
ប្រភព ៖ ក្រសួងរ៉ែនិងថាមពល