មេធាវីការពារក្តី Tangmo ទម្លាយថាគ្មានអ្នកណារួចខ្លួនទេ ទូរស័ព្ទ Gatick បានយកឱ្យអ្នកជំនាញធ្វើរឿងនេះហើយ

មកទល់ពេលនេះរឿងក្តីរបស់តារាស្រី Tangmo ដែលធ្លាក់ចូលទន្លេចៅផាយ៉ាស្លាប់ គឺហាក់នៅតែក្តៅគគុកនៅឡើយ ក្រោយបញ្ជូនទៅកាន់ខាងក្រុមស៊ើបអង្កេតពិសេសកាន់កាប់។
ជាពិសេសថ្មីៗនេះដែរ អ្នកដែលនៅលើទូកទាំង ៥ នាក់ គឺត្រូវបានគេប្តឹងដោយចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា ហើយអ្នកទាំង ៥ គឺបានចូលខ្លួនទទួលដឹង និង សារភាពជាមួយប៉ូលិសផងដែរ។

បន្ថែមពីនេះ នាយ Decha មេធាវីការពារក្តីរបស់ Tangmo ក៏បានបន្ថែមឱ្យដឹងថា ៖ «បច្ចុប្បន្នគឺក្រុមអ្នកស៊ើបអង្កេតកំពុងពន្លឿនរឿងក្តី ដោយមានការសាកសួរសាក្សីចំនួន ១៤០ នាក់ ប្រមូលឯកសារពាក់ព័ន្ធបានជាង ១០០០ ទំព័រ មាន ៨ សំណុំឯកសារ ព្រមទាំងដកហូតទូរស័ព្ទ Gatick ដែលជាអ្នកគ្រប់គ្រង Tangmo ផ្ទាល់បញ្ជូនទៅខាងក្រុមអ្នកជំនាញសង្គ្រោះឯកសារដែលបាត់បង់ឱ្យត្រឡប់ដូចដើមវិញ»។

លោកបន្ថែមថា ៖ «គ្មាននរណាអាចរួចខ្លួននោះឡើយ កុំជឿលើអ្នកយូធូប ដែលមិនមានចំណេះដឹងអំពីច្បាប់ ឬ ក្តីប្តឹងផ្តល់ ដែលបំផុសព័ត៌មានដើម្បីយក Like, Share និង ប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ។ ខាងក្រុមស៊ើបអង្កេតពិសេសគឺធ្វើការបានល្អិតល្អន់ខ្លាំងណាស់ ដោយនឹងប្រមូលភស្តុតាងដែលបាត់ទៅមកវិញទាំងអស់ មិនថាជារូបភាព វីដេអូក្នុងទូរស័ព្ទដៃ ទាំងមុន និង ក្រោយកើតហេតុ ការបំផ្លាញភស្តុតាង បោះចោលដបស្រាក្នុងទឹកទន្លេ ឬ ឯកសារសំខាន់ណាមួយនោះទេ។ ពួកយើងរំពឹងថាបន្ទាប់ពីថ្ងៃសង្ក្រានចូលឆ្នាំថ្មីហើយ យើងនឹងអាចសរុបសំណុំរឿងនេះទាំងអស់ ហើយបញ្ជូនទៅព្រះរាជអាជ្ញាខេត្ត ដើម្បីពិចារណាបញ្ជាកាត់ទោស»៕

Related posts

Leave a Comment