ថ្មីៗនេះ មហាជនបាននាំគ្នាសម្ដែងការសោកស្ដាយ និង រំជួលចិត្តជាខ្លាំង ពាក់ព័ន្ធករណីយុវតីអាយុ ១៧ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញស្លាប់ទាំងអាក្រាតកាយ នៅក្នុងទឹកអូរមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ដែលត្រូវបានគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់។
ទាក់ទិនទៅនឹងករណីខាងលើនេះ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានដឹកនាំចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅចំណុចខាងលើ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ៣ នាក់។
ក្នុងនោះ ជនសង្ស័យទាំង ៣ នាក់ ដែលបានឃាត់ខ្លួន បានឆ្លើយសារភាពដោយផ្ទាល់ថា ពួកគេទាំង ៣ នាក់ បានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរ ខាងត្បូងភូមិ ពិតប្រាកដមែន កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២៣:០០ នាទី ។
ដោយឡែកជនសង្ស័យទាំង ៣ មានអត្តសញ្ញាណដូចខាងក្រោម ៖
១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៣. ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យសរុបទាំង ៣ នាក់ ត្រូវបានឃាត់ខ្លួននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕