រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសហាមដាច់ខាតការលេងបាញ់ទឹក ប៉ាតម្សៅ និងអុជផាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសានេះ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវប្រពៃណីជាតិ និងសណ្តាប់ធ្នាប់សាធារណៈ អំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តឱ្យចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ប៉ុន្តែចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់ពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ និងត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្គារការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

Related posts

Leave a Comment