កាលពីថ្មីៗកន្លងទៅនេះ មានរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយទៀតហើយ ដែលត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គមថៃ ដោយមានឪពុកកូនដ៏កម្សត់មួយគូ ដឹកដៃគ្នាចង់មកភ្លក់សាច់អាំង តែដោយសារតែលុយមិនគ្រប់ ឪពុកសុខចិត្តឱ្យកូនចូលញ៉ាំម្នាក់ឯង ធ្វើឱ្យម្ចាស់ហាងរំជួលចិត្តអាណិតរហូតដល់ធ្វើរឿងមួយនេះឱ្យ។
តាមព័ត៌មានដែលផុសដោយម្ចាស់ហាងបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តរៈយ៉ង ប្រទេសថៃ តាមពិតទៅថ្ងៃនោះ ជាថ្ងៃកំណើតរបស់កូនស្រី នាងចង់ញ៉ាំសាច់អាំង ហើយឪពុកក៏បានដឹកដៃមកដល់ហាងសាច់អាំងមួយនេះ ដល់ចូលអង្គុយបានមួយសន្ទុះ មើលតម្លៃចុះឡើង ឪពុកក៏ប្រាប់ថាលុយមិនគ្រប់ទេ ប៉ុន្តែអាចគ្រប់ឱ្យកូនស្រីញ៉ាំម្នាក់ឯងបាន ឪពុកក៏ប្រាប់ឱ្យនាងញ៉ាំម្នាក់ឯងទៅ ហើយគាត់នឹងទៅអង្គុយចាំនៅក្រៅហាងវិញ។
និយាយគ្នាចុះឡើងៗ កូនស្រីក៏សម្រចចិត្តថាមិនព្រមញ៉ាំម្នាក់ឯងនោះទេ ឪពុកក៏ប្រាប់កូនវិញថា នឹងនាំគ្នាទៅឆ្លងខួបកំណើតនៅខាងក្រៅវិញ ប៉ុន្តែរៀបនឹងចេញទៅហើយ ស្រាប់តែបុគ្គលិកក៏រត់ទៅប្រាប់ម្ចាស់ហាង ម្ចាស់ហាងក៏ឃាត់អ្នកទាំងពីរឱ្យអង្គុយញ៉ាំដោយមិនគិតលុយឡើយ។
ម្ចាស់ហាងបន្តទៀតថា ឪពុករូបនេះ មើលទៅពិតជាស្រឡាញ់កូនស្រីណាស់ ដោយលោកនៅអង្គុយផ្លុំបញ្ចុកនាងជាប់ជានិច្ច ហើយដោយសារតែដឹងថាថ្ងៃនោះជាខួបកំណើតនាង ម្ចាស់ហាងក៏បានប្រើបុគ្គលិកឱ្យទៅទិញនំខេកមួយឱ្យនាងទៀត ឪពុកក៏បានស្រក់ទឹកភ្នែកអរគុណម្ចាស់ហាង រួចក៏បាននិយាយទៀតថា បើសិនជាប្រពន្ធលោកនៅ គឺពិតជាមិនលំបាកដូចនេះឡើយ។
យ៉ាងណាមិញ ទាំងម្ចាស់ហាង និង បុគ្គលិកក៏បានរំជួលចិត្តស្រក់ទឹកភ្នែកគ្រប់គ្នា ក្រោយពីឃើញឪពុកកូនគូនេះដឹកដៃគ្នាចេញទៅយ៉ាងមានក្តីសុខ ហើយគេក៏បានប្រាប់ឱ្យគាត់នាំកូនមកញ៉ាំនៅថ្ងៃខួបលោក លើកក្រោយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖