(វីដេអូ) ខឹងប្តីពេក រត់ទៅដេកយំលើកដៃសំពះកណ្តាលផ្លូវទាំងយប់ ចាំគេមកអូសទៅលួង ផ្អើលអស់អ្នកជិះកាត់

ថ្មីៗនេះ មានហេតុការណ៍មួយបានធ្វើឱ្យមានការហួសចិត្តមិននឹកស្មានពេញបណ្តាញសង្គមនៅប្រទេសថៃមិនតិចនោះទេ ដោយមាននារីម្នាក់ខឹងប្តីពេកបានរត់ទៅដេកលើកដៃសំពះកណ្តាលផ្លូវទាំងយប់ ងក់ងរចាំប្តីមកអូសទៅលួងលោម មានអីផ្អើលអស់អ្នកជិះកាត់។

តាមសាក្សីជាបុរសម្នាក់បានឱ្យដឹងថា​ នៅយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ខ្លួនបានបើកឡានជូនម្តាយទៅផ្ទះគាត់ ហើយក៏បានបើកត្រឡប់មកផ្ទះខ្លួនឯងវិញ ស្រាប់តែបើកបានតែមួយសន្ទុះ ក៏ក្រឡេកភ្នែកទៅឃើញស្រមោលអ្វីម្យ៉ាងនៅលើផ្លូវ ដែលដំបូងគេស្មានតែជាគល់ឈើ ព្រោះនៅម្តុំនោះងងឹតខ្លាំង មើលមិនច្បាស់នោះទេ។

ក្រោយមកគេក៏បានបើកហ្វាឡានមើលឱ្យច្បាស់ ស្រាប់តែឃើញមនុស្សស្រីម្នាក់កំពុងដេកកណ្តាលផ្លូវ គេក៏បើកកញ្ចក់ឡានទៀត ស្រាប់តែឮសំឡេងនាងយំ ដំបូងឡើយគេស្មានថាជាឧប្បទ្ទវហេតុ តែដល់ពេលមើលយូរទៅៗ មិនឃើញនាងមានរបួសអ្វីនោះទេ ហើយដៃថែមទាំងលើកសំពះថែមទៀតផង។

ដោយសារតែខ្លាចនាងមានគ្រោះថ្នាក់ ព្រោះឡានមកក្រោយៗអាចមើលមិនឃើញ បុរសរូបនេះក៏បានឈប់ឡាន និង បើកភ្លើងចោលនៅទីនោះ ដើម្បីសុំផ្លូវ ហើយក៏បានខលហៅប៉ូលិស តែគ្មានអ្នកលើកឡើយ មិនយូរប៉ុន្មានស្រាប់តែឃើញបុរសម្នាក់ទៀតជិះម៉ូតូមកដល់ ព្រមទាំងចុះទៅអូសនារីម្នាក់នោះមកកៀនផ្លូវវិញ ថែមទាំងបានព្យាយាមនិយាយជាមួយនាងផងដែរ តែនារីម្នាក់នោះនៅតែបន្តដេកយំ។

យ៉ាងណាមិញ មិនយូរប៉ុន្មាន នារីម្នាក់នេះក៏ត្រូវបានប៉ូលិសហៅមកសួរនាំ តែនាងស្រវឹងយ៉ាងខ្លាំង និយាយមិនដឹងរឿង ទើបគេឃាត់ខ្លួនទុកសិន ព្រមទាំងឱ្យសម្រាកមួយសន្ទុះទើបសួរនាំបន្ត។ ក្រោយមក នារីម្នាក់នេះក៏បានឱ្យដឹងថា នាងមានរឿងឈ្លោះគ្នាជាមួយនឹងស្វាមី ដល់ថ្នាក់តូចចិត្តខ្លាំង រួចក៏ទៅផឹកស្រារហូតស្ទើរបាត់សតិ ក៏បានទៅបង្កឱ្យមានហេតុការណ៍បែបនេះឯង៕

Related posts

Leave a Comment