សត្វឆ្កែមួយក្បាលក្នុងប្រទេសចិន បានទាក់ទាញភ្នែកមហាជនឱ្យទប់ទឹកភ្នែកមិនបានគ្រប់គ្នា ក្រោយឃើញសភាពវាដេករង់ចាំវត្តមានម្ចាស់វិលត្រឡប់មកជួបជុំនឹងវាវិញ។
បើនិយាយដល់ក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន គឺប្រាកដណាស់នរណាៗក៏ធ្លាប់បានដឹងឮនៅរឿងរ៉ាវរបស់ឆ្កែកម្សត់មួយក្បាលឈ្មោះ Da Huang ដែលបានដេកទាំងអំណត់រង់ចាំម្ចាស់សំណព្វរបស់វាអស់រយៈពេល ៥ ឆ្នាំ។
កាលពីប្រមាណ ៨ ឆ្នាំមុន បុរសវ័យចំណាស់ម្នាក់ឈ្មោះ Lao Than បានយកសត្វឆ្កែ Da Huang ដែលលោកឃើញនៅកន្លែងចាក់សំរាមយកមកចិញ្ចឹម។ តាមការរៀបរាប់បានឱ្យដឹងថា លោក Lao Than គឺស្រឡាញ់ Da Huang ណាស់ប្រៀបទុកដូចជាសាច់ញាតិរបស់គាត់ ហើយតែងតែយកតាមខ្លួនជាប់ពេលទៅណាមកណា។
រយៈពេល ៣ ឆ្នាំក្រោយ លោកតាចំណាស់ជាអកុសលបានទទួលមរណភាព ដោយសារមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែសត្វឆ្កែដ៏គួរឱ្យស្រឡាញ់របស់គាត់ Da Huang មិនបានដឹងថាម្ចាស់ឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ឡើយ ដោយវានៅតែដេកកន្លែងធ្លាប់ដេករាល់ដង មិនចេញទៅណា រង់ចាំការវិលត្រឡប់របស់ម្ចាស់វាវិញ។
រយៈកាលអស់ ៥ ឆ្នាំ Da Huang ក៏មានសភាពចាស់ទ្រុឌទ្រោម ងើបទៅណាលែងកើត ភ្នែកវាក៏មើលអ្វីដែលសូវច្បាស់។ មនុស្សជាច្រើន បានសុំយកវាទៅចិញ្ចឹម ប៉ុន្តែសត្វឆ្កែដ៏ស្ម័គ្រស្មោះមួយនេះ គឺបានបដិសេធមិនព្រមទៅតាមគេនោះឡើយ។ ដោយក្ដីអាណិតអាសូរ អ្នកភូមិនៅទីនោះ ជាញឹកញាប់តែងតែផ្ដល់អាហារ ទឹក និងសម្លៀកបំពាក់មួយចំនួនទុកការពារវាពេលរដូវរងាមកដល់៕