អាយុ ៣១ ឆ្នាំហើយ លើកទីមួយដែល សុខ ពិសី ទើបដាច់ចិត្តនិយាយរឿងគូស្រករ ឡើងផ្អើលហ្វេន

សុខ ពិសី គឺជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យមួយរូប ហើយប្រិយមិត្តភាគច្រើនក៏បានជ្រាបរួចមកហើយថា នាងគឺជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេ ព្រោះក្រៅពីមានទឹកដមសំឡេងពីរោះស្រួយស្រែសហើយនោះ សុខ ពិសី ក៏ជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី សម្ដីផ្អែម ចរិតរួសរាយរាក់ទាក់ចំពោះទស្សនិកជនគួរឱ្យស្រឡាញ់បំផុត តែកន្លងមកនាងមិនធ្លាប់បង្ហើបត្រង់ៗថា មានគូស្នេហ៍កំណាន់ចិត្តនោះទេ។

ដោយឡែក បើយើងក្រឡេកទៅមើលមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនរូប ដែលបានចូលសិល្បៈជំនាន់ៗគ្នា និង មានអាយុស្របាលៗនឹង សុខ ពិសី វិញដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និង មិត្តក្នុងសិល្បៈជាច្រើនរូបនេះ បើកចំហជីវិតឯកជនពីរឿងមានគូស្នេហ៍ ហើយខ្លះក៏បានរៀបការមានប្ដី មានកូនប្រលែងលេងជិតអស់ហើយក្ដី ប៉ុន្ដែងាកទៅនាងវិញហាក់មិនទាន់លេចឮដំណឹងចូលរោងការទាល់តែសោះ បើទោះបីជាអាយុខ្ទង់ ៣១ ឆ្នាំហើយក្ដី។

ទោះបីជាកន្លងមកមិនទាន់ខ្វល់ខ្វាយរឿងគូស្រករ ឬ ចូលរោងការដូចមិត្តភក្ដិក្នុងសិល្បៈមួយចំនួនមែន ប៉ុន្ដែ សុខ ពិសី បានប្រើប្រាស់ជីវិត Single យ៉ាងមានក្ដីសុខ លើសពីនេះនាងក៏មានមុខជំនួញពេញក្នុងដៃ ចំណែកឯរូបសម្រស់វិញ ហាក់កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ ថ្មីៗនេះហាក់ជាលើកដំបូងហើយ ដោយតារាចម្រៀងស្រី សុខ ពិសី ស្រាប់តែបានលើកឡើងនិយាយពីរឿងគូស្រករលើគណនីហ្វេសប៊ុកផ្លូវការខ្លួន ដោយនាងបាននិយាយបញ្ជាក់ច្បាស់ៗថា ៖ «កុំភ័យរឿងគូស្រករ ដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយឱ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងឱ្យណាណី»។

ជាមួយការបញ្ជាក់ដ៏កម្រនេះ គេបានឃើញបណ្តាមហាជន និង មិត្តភក្តិក្នុងហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយ៉ាងច្រើន ក្នុងន័យយល់ស្របនឹងគំនិតនេះ ហើយក្នុងនោះក៏មានការចំអន់លេងពីមិត្តក្នុងហ្វេសប៊ុកថែមទៀតផង៕

Related posts

Leave a Comment