អាសូរណាស់! Tangmo ជាតារាស្រីជួបរឿងរ៉ាវជីវិតចាក់ស្រែះជាច្រើន មុនបាត់បង់ជីវិតទាំងវ័យក្មេង…

ជឿថាប្រិយមិត្តទស្សនិកជនអ្នកចូលចិត្តតាមដានវិស័យសិល្បៈថៃ ប្រាកដជាបានជ្រាបជាក់ជាមិនខាននូវរឿងរ៉ាវកំពុងផ្ទុះកក្រើកបណ្ដាញសង្គមថៃ គឺតារាស្រី Tangmo បានធ្លាក់ចូលទន្លេចៅផាយ៉ាកាលពីរាត្រីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ និង បានរកឃើញសពនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលរឿងនេះធ្វើឱ្យសាច់ញាតិ មិត្តភក្ដិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាង រន្ធត់ចិត្តមិនស្ទើរទេ។

រឿងហេតុធ្លាក់ចូលទន្លេស្លាប់នេះ ធ្វើឱ្យមហាជនអាណិតដល់តារាស្រី Tangmo កាន់តែខ្លាំង ព្រោះបើនិយាយពីប្រវត្តិពីអតីតកាលរបស់តារាស្រីរូបនេះ ហាក់ជួបតែរឿងព្រាត់ប្រាស់ មានបញ្ហាក្នុងជីវិតមិនចេះមិនចេះហើយទាល់តែអស់។

បញ្ហាជីវិតរបស់កំពូលតារាស្រី Tangmo គឺមានច្រើន ទាំងបញ្ហាស្នេហា ជីវិតការងារ រឿងបំណុល ហើយកាលពីប៉ុន្មានឆ្នាំមុន Tangmo បានជួបឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យខូចមុខមាត់ ដែលធ្វើឱ្យនាងធ្លាក់ក្នុងរណ្តៅជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយធ្លាប់ព្យាយាមគិតថាបើស្លាប់ទៅប្រហែលផុតបញ្ហាទៀតផង។

ងាកទៅមើលរឿងរ៉ាវស្នេហាវិញ Tangmo បានរៀបការជាមួយតារាប្រុស Tono ដោយពួកគេបានរួមរស់ជាប្ដីប្រពន្ធរយៈពេលត្រឹមតែ ១ ឆ្នាំ ១ ខែ អ្នកទាំងពីរក៏បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ទៅវិញ ក្រោមមូលហេតុរស់នៅមិនចុះសម្រុងគ្នា ដែលកាលនោះ Tangmo នៅស្រឡាញ់អតីតស្វាមីខ្លះ រហូតនាងព្យាយាមបញ្ចប់ជីវិតខ្លួនឯង ដោយលេបថ្នាំងងុយដេកអស់ ១០ គ្រាប់ទៀតផង។

ក្រោយស្ពាយឈ្មោះជាមេម៉ាយ Tangmo ក៏ព្យាយាមបើកបេះដូងទទួលយកបុរសថ្មីដែរ តែស្នេហារបស់នាងជួបតែរឿងមិនសមបំណងរហូត ធ្វើឱ្យនាងបាក់ទឹកចិត្តមិនស្ទើរទេ។

អស់ពីបញ្ហាជីវិតស្នេហា Tangmo បែរមកប្រទះការរិះគន់ពីមហាជនយ៉ាងចាស់ដៃរឿងវះកាត់កែសម្ផស្ស ហើយក៏នៅមានរឿងឈឺចាប់ដោយបាត់បង់ឪពុកដែលជាអ្នកមានគុណជាទីគោរពស្រឡាញ់បំផុត ចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ បន្ទាប់ពីនោះក៏មកជួបរឿងរ៉ាវជំពាក់បំណុលធនាគាររាប់លានបាត តែនាងបានឆ្លងកាត់រឿងរ៉ាវអាក្រក់ៗទាំងនោះយ៉ាងរឹងមាំ បន្តបោះជំហានលើវិថីសិល្បៈដដែល។

ក្រោយមកថ្មីៗនេះ ពន្លឺរស្មីនៃជីវិត ចាប់ផ្ដើមរះជាថ្មី និង ជួបប្រទះគូស្នេហ៍ថ្មី ដែលជាមនុស្សយល់ចិត្ត និង លើកទឹកចិត្តនាង មើលថែទាំយ៉ាងល្អ ព្រមទាំងប្រកាសពីទំនាក់ទំនង មិនទាន់បានប៉ុន្មានខែផង ស្រាប់តែមកដល់ចុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ Tangmo បែរជួបហេតុការណ៍ធ្លាក់ចូលទឹកទន្លេ បាត់បង់ជីវិតបង្កឱ្យមហាជនមានក្តីអាណិតអាសូរដល់នាងយ៉ាងខ្លាំង៕

Related posts

Leave a Comment