ច្បាស់ៗ! ឃើញឡានដាក់ស្លាកលេខ «ជនមានពិការភាព» ស្រាប់តែ ឯកឧត្តម ឯម ចាន់មករា បញ្ជាក់បែបនេះ

នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរថយន្តមួយគ្រឿង នៅតាមដងវិថី មានបំពាក់ស្លាកលេខប្លែក ខុសពីរថយន្តដទៃ ដោយមានភ្ជាប់ជាមួយអក្សរថា «ជនមានពិការភាព» ដែលមានការស៊ែរចែករំលែកព្រោងព្រាត នៅលើបណ្ដាញសង្គម។

ទាក់ទិនទៅនឹងករណីនេះ ឯកឧត្តម ឯម ចាន់មករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា ក្នុងនាមលោក ជាអ្នកទទួលបន្ទុកវិស័យពិការភាព លោកសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាព នៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពឡើយ។

ក្នុងនោះ ឯកឧត្តម ក៏បានសូមឱ្យម្ចាស់រថយន្ត អញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមបន្តទៀតថា សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេស សម្រាប់ជនមានពិការភាព។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ឯម ចាន់មករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា បានបញ្ជាក់ថា ជនមានពិការភាព មានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

ទន្ទឹមនោះ ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១ (ដប់មួយ) គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ (បីស្លៀសប្រាំ) តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន៕

Related posts

Leave a Comment