Mo Amena តបផាំងៗទាំងក្តៅចិត្ត ក្រោយគេថានាងមើលថែ Bird សង្សារ Tangmo ស្និទ្ធស្នាលហួសតួនាទី

មួយរយៈក្រោយមកនេះ តារាស្រី Mo Amena ហាក់មមាញឹកខ្លាំងណាស់ ក្នុងការខ្វែងដៃខ្វែងជើងជួយក្នុងរឿងការស្លាប់របស់ Tangmo ដោយសារតែពួកគេទាំងពីរនាក់ជាមិត្តភក្តិស្និទ្ធស្នាលគ្នាខ្លាំង អាចនិយាយបានថាដូចបងប្អូនស្រីបង្កើតទៅហើយ។

យ៉ាងណាមិញ គេឃើញថាពិតជាសោកស្តាយមិនតិចនោះទេ​ ក្នុងការបាត់បង់អ្នកជាទីស្រឡាញ់រូបនេះ ហើយតាំងពីការស្លាប់របស់ Tangmo មក នាងពិតជារវល់យ៉ាងខ្លាំង ទាំងការឱ្យសម្ភាស​ និង ការជួយចាត់ចែងបុណ្យសពទាំងឡាយ។

ដោយឡែក នៅក្នុងបុណ្យសព Tangmo គេសង្កេតឃើញថា Mo Amena បាននៅជិត Bird ដែលជាសង្សាររបស់ Tangmo រហូត ដោយមិនហ៊ានទៅណាចោលលោកឡើយ អាចថាព្រោះតែការបារម្ភ ដោយសារតែ Bird មើលទៅនៅតែធ្វើចិត្តមិនបានពីបាត់បង់សង្សារ ប៉ុន្តែការបារម្ភនេះក៏បានធ្វើឱ្យកើតទៅជាការរិះគន់ពីសំណាក់មហាជនមួយចំនួនទៅវិញ។ ក្នុងនោះ មហាជនមួយចំនួនបានរិះគន់ថា ធ្វើខ្លួនស្និទ្ធស្នាលជាមួយ Bird ហួសពេក មើលថែខុសធម្មតាលើសពីតួនាទីទៅហើយ ។

ទាក់ទងនឹងការរិះគន់ទាំងនេះ Mo Amena ក៏បានឱ្យដឹងវិញនៅក្នុងការសម្ភាសមួយដែរថា នាងពិតខូចចិត្ត និង គិតមិនយល់ថាហេតុអីអ្នកគិតដូច្នេះកើត នាងចាំមើលថែ Bird ដោយសារតែដឹងថាគេកំពុងតែទន់ខ្សោយ ហើយក៏មានអ្នកថានាងប៉ះពាល់ខ្លួន Bird ហួសហេតុ តែនាងមើលថែគេគ្រប់យ៉ាងក្នុងឋានៈជាប្អូនស្រី តើគិតបានយ៉ាងម៉េចថាទៅគិតលើសជាមួយនឹងសង្សារបងស្រីខ្លួនឯងបែបនេះ។

ចុងក្រោយនាងក៏មិនខ្វល់ទៀតដែរ នាងដឹងខ្លួនថានាងកំពុងធ្វើអ្វី តែយ៉ាងណាក៏ដោយមិនគួរគិតបែបនេះដែរ Bird គឺដូចជាបងប្រុសរបស់នាងមួយរូបដូច្នោះឯង គឺមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលនាងស្រឡាញ់៕

Related posts

Leave a Comment