មកទល់ពេលនេះ អស់រយៈពេលជាង ១ ខែទៅហើយ ដែលរឿងក្តីរបស់តារាស្រី Tangmo នៅតែបន្តអូសបន្លាយ មិនទាន់រកឃើញកោះត្រើយយុត្តិធម៌ពិតប្រាកដ ដែលធ្វើឱ្យមហាជនម្នាក់ៗអន្ទះសានៅមិនសុខ ហើយមិត្តរួមអាជីពរបស់នាងវិញក៏ដូចគ្នាដែរ ជាពិសេសគឺរឿងនាងនៅតែមានគេលើកយកមកនិយាយនៅលើកម្មវិធីទូរទស្សន៍មិនដាច់ឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ពិធីករល្បី Moddam បានឆ្លៀតទម្លាយរឿងរ៉ាវមួយចំនួនទាក់ទងនឹងសាក្សីសំខាន់ក្នុងរឿងក្តីរបស់នេះម្តងទៀត នៅក្នុងកម្មវិធីរបស់ខ្លួន ដែលធ្វើឱ្យមហាជនមួយចំនួនងាកមកចាប់អារម្មណ៍ជាថ្មី។
លោក Moddam បានទម្លាយឱ្យដឹងថា ក្នុងរឿងក្តីនេះ លោកគិតថា សាក្សីសំខាន់ក្រៅពីជន ៥ នាក់នៅលើទូក គឺជាមានតែ ២ នាក់ប៉ុណ្ណោះ គឺ Bo TK និង Hippo ដែលជាមិត្តរបស់ Tangmo ។
Moddam បន្តទៀតថា លោកពិតជាជឿលើ Bo TK ខ្លាំង ព្រោះនាងបាននិយាយរឿងរ៉ាវដែលបានឃើញទាំងអស់ ប្រាប់លោកអស់ហើយ ហើយមានរឿងម្យ៉ាងដែលពិតជាសំខាន់ ហើយលោកជឿថានាងប្រហែលជាបានប្រាប់ទៅប៉ូលិសរួចរាល់ហើយ។ លើសពីនេះទៀត នាងក៏បាននិយាយរឿងរ៉ាវទាំងអស់ដូចគ្នាទៅនឹង Hippo តែម្តង គេបាននិយាយប្រាប់លោក នូវអ្វីដែលគេបានឃើញពេលទៅដល់កន្លែងកើតហេតុ ហើយពេលនេះ Moddam យល់ និង ដឹងពីហេតុការណ៍ទាំងនោះហើយ។
យ៉ាងណាមិញ Bo TK ជាមនុស្សមិនចូលចិត្តឡើងកម្មវិធី ឬ ឱ្យសម្ភាសអ្វីឡើយ តាំងពីមានរឿងរបស់ Tangmo បានកើតឡើង ពោលគឺនាងបានចេញមុខតែម្តងគត់ ហើយនាងនៅតែនិយាយទទូចដដែលៗថា ឱ្យ Gatick ចេញមកនិយាយការពិត៕