Taew ប្រគល់របស់ពិសេសមួយនេះ ជាកាដូក្នុងថ្ងៃខួបកំណើតសង្សារហាយសូរបណ្ដូលចិត្ត

នៅក្នុងចង្កោមសិល្បៈថៃ គូស្នេហ៍តារាស្រី Taew Natapohn និង ហាយសូរ Pranai តែងត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានមិនសូវជាដាច់នោះទេ។ អាចនិយាយបានថាចាប់តាំងតែ Taew ផ្តើមស្នេហ៍ជាមួយនឹងសេដ្ឋីហាយសូរមានលុយវាល់លានលោក Pranai ដោយបោះបង់ទំនាក់ទំនងជាមួយសង្សារចាស់ ១៤ ឆ្នាំ នាយ Ton មក តារាស្រី Taew ហាក់ត្រូវបានគេលើកឡើងជាប្រធានបទរហូត។

យ៉ាងណាមិញ ទោះបីជាមានមហាជនមួយចំនួនធំសម្ដែងក្ដីមិនពេញចិត្តជាមួយនាងក៏ដោយ តែនាង និង សង្សារហាយសូរហាក់នៅតែបន្តកាន់ដៃគ្នា បង្កើតចំណងស្នេហ៍ ព្រមទាំងផ្ដល់នូវស្នាមញញឹមភាពផ្អែមល្ហែមចំពោះគ្នារហូត។ ជារឿយៗ គូស្នេហ៍មួយគូនេះ តែងបណ្ដើរគ្នាទៅណាមកណាស្ទើរមិនលស់ថ្ងៃឡើយ។

តួយ៉ាងកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅគឺជាថ្ងៃខួបកំណើតគម្រប់ ៣៣ ឆ្នាំ របស់ហាយសូរ Pranai ក្នុងនោះគេក៏ឃើញគូស្នេហ៍មួយគូនេះបានរៀបចំពិធីយ៉ាងអធិអធមមួយ ដោយមានញាតិមិត្តបងប្អូនជាច្រើនបានចូលរួម។

ថ្លែងក្នុងបទសម្ភាសក្នុងសារព័ត៌មាន អ្នកកាសែតបានសួរទៅកាន់តារាស្រី Taew ថា តើក្នុងថ្ងៃខួបនាងបានជូនកាដូពិសេសអ្វីខ្លះចំពោះសង្សារបណ្ដូលចិត្ត? ភ្លាមៗនោះ តារាស្រី Taew ក៏បានឆ្លើយថា ៖ «ខួបកំណើតសង្សារឆ្នាំនេះគឺនាងបានជូនកាំមេរ៉ា ដើម្បីទុកសម្រាប់ថតរូបគូរាល់ពេលទៅណាមកណាម្តងៗ»។

លើសពីនោះ តារាស្រីរូបនេះក៏បានទម្លាយស្ថានភាពស្នេហារបស់ខ្លួននៅខណៈនេះផងដែរថា ៖ «សង្សារថ្មីរបស់នាងពិតជាមើលនាងបានល្អណាស់ ខណៈដែលនាងកើតជំងឺកូវីដ-១៩ នោះ គឺថាសង្សាររបស់នាងតែងបារម្ភនាងរហូត។ មួយវិញទៀតទោះបីពុំបានរួមការងារជាមួយគ្នាមែន តែនាង និង សង្សារតែងតែពិភាក្សាគ្នារហូតជុំវិញរឿងជំនួញ ជាពិសេសខណៈនេះជីវិតស្នេហានាងពិតជាមានក្ដីសុខណាស់»។

មិនត្រឹមប៉ុណ្ណោះ ថ្លែងក្នុងបទសម្ភាស Taew ក៏បានបង្ហើបថាឆាប់ៗនេះនាងនឹងចេញបទចម្រៀងថ្មីជាលើកទី ២ ដោយខណៈនេះកំពុងតែថត MV ដូចនេះសូមឱ្យមហាជនរង់ចាំទស្សនា និង គាំទ្រដល់នាងផង៕

Related posts

Leave a Comment